ភាពរឹងមាំផ្នែកហិរញ្ញវត្ថុគឺជាសមត្ថភាពដែលអនុញ្ញាតឲ្យអ្នកក្រោកឈរឡើងវិញពេលដែលជួបនឹងបញ្ហាលុយអ្វីមួយដូចជាការបាត់បង់ការងារ ឬការចាយវាយដែលមិនបានរំពឹងទុកមុនជាដើម ។ ប៉ុន្តែការផ្ទុះជំងឺកូវីដ ១៩ កំពុងតែបង្ខំឲ្យមនុស្សជាច្រើនកាត់បន្ថយប្រាក់សន្សំដែលបានទុកសម្រាប់គ្រាមានអាសន្នទាំងនោះបន្តិចម្តងៗ ។
ប្រសិនបើអ្នកចង់ចៀសវាងការជួបប្រទះនឹងបញ្ហាលុយនៅថ្ងៃមុខនោះ អ្នកគួរតែពិចារណាលើវិធីសាស្ត្រខាងក្រោមនេះ ៖
១. ធ្វើឲ្យខ្លួនកាន់តែទាក់ទាញក្នុងទីផ្សារការងារ
អ្នកត្រូវតែបន្តរៀនជំនាញថ្មីៗព្រោះទីផ្សារការងារតែងតែផ្លាស់ប្តូរជានិច្ច ។ ការងារដែលអ្នកគិតថាមានតម្លៃនៅថ្ងៃនេះអាចនឹងបាត់បង់តម្លៃទាំងស្រុងនៅថ្ងៃស្អែក ។ វាជាការវិនិយោគមួយដែលទាមទារឲ្យអ្នកខិតខំប្រឹងប្រែង ។ បច្ចុប្បន្នអ្នកមានជម្រើសច្រើនណាស់ក្នុងការរៀនជំនាញថ្មីៗ ដូចជារៀនអនឡាញ និងចូលរួមវគ្គហ្វឹកហាត់ខ្លីៗជាដើម ។
២. ចាប់ផ្តើមការងារក្រៅម៉ោង
វិធីមួយទៀតដើម្បីជៀសវាងបញ្ហាលុយគឺការបង្កើនប្រភពចំណូល ។ ទោះជាបច្ចុប្បន្នអ្នកមិនត្រូវការលុយចាំបាច់ពិតមែនក្តី វាអាចនឹងផ្តល់អត្ថប្រយោជន៍ឲ្យអ្នកច្រើននៅថ្ងៃមុខ ។
ជាក់ស្តែង អ្នកអាចស្វែងរកការងារក្រៅម៉ោងបានប្រសិនបើស្ថាប័នការងាររបស់អ្នកអនុញ្ញាត ។ ក្រៅពីនេះហើយ អ្នកអាចផ្សព្វផ្សាយពីជំនាញ ឬបទពិសោធន៍របស់អ្នកលើប្រព័ន្ធសង្គមដើម្បីទាក់ទាញឱកាសការងារផ្សេងៗ ។
វាកាន់តែល្អទៅទៀតប្រសិនបើការងារក្រៅម៉ោងរបស់អ្នកស្ថិតក្នុងវិស័យថ្មីមួយដែលអ្នកចាប់អារម្មណ៍ ព្រោះវាក៏អនុញ្ញាតឲ្យអ្នកទទួលបានបទពិសោធន៍ថ្មីៗដែលអាចជួយដល់អ្នកក្នុងការរកការងារនៅថ្ងៃមុខដែរ ។
៣. យល់ដឹងបន្ថែមពីការចាយវាយរបស់អ្នក
អ្នកត្រូវតែមើលទម្លាប់ចាយវាយលុយរបស់អ្នកឡើងវិញ ។ ប្រសិនបើអ្នកតែងតែចាយវាយប្រាក់ចំណូលដោយមិនមានថវិកានៅសល់ជារៀងរាល់ខែនោះ អ្នកប្រហែលជាកំពុងប្រព្រឹត្តខុសធ្ងន់ធ្ងរហើយ ។ អ្នកត្រូវដឹងពីការខ្ជះខ្ជាយលុយនិងមូលហេតុដែលបង្កឲ្យអ្នកខ្ជះខ្ជាយលុយ បន្ទាប់មកទៀតរកវិធីដើម្បីផ្លាស់ប្តូរទម្លាប់មិនល្អទាំងនោះចេញ ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព