អាមេរិក ៖ ក្រុមហ៊ុនលក់រាយអាមេរិក Walmart បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានសហការជាមួយក្រុមហ៊ុន Microsoft ក្នុងការទិញ TikTok ដែលជាកម្មវិធីវីដេអូខ្លីៗដែលគ្រប់គ្រងដោយជនជាតិចិន និងបានទទួលការចាប់អារម្មណ៍ពីរដ្ឋបាលរបស់ប្រធានាធិបតីដូណាល់ ត្រាំ (Donald Trump) លើការរំខានដល់សន្តិសុខជាតិអាមេរិក។
កម្មវិធីនេះ ស្ថិតនៅចំកណ្តាលនៃព្យុះការទូតរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ចាប់តាំងពីលោក Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិកាលពីថ្ងៃទី៦ ខែសីហា ផ្តល់ឱ្យជនជាតិអាមេរិកចំនួន ៤៥ថ្ងៃ ដើម្បីបញ្ឈប់ការធ្វើជំនួញជាមួយក្រុមហ៊ុនមេរបស់ TikTok ដែលជាក្រុមហ៊ុនចិន ByteDance ។
លោកប្រធានាធិបតីបានអះអាងថា TikTok អាចត្រូវបានប្រើប្រាស់ដោយប្រទេសចិន ដើម្បីតាមដានទីតាំងរបស់និយោជិកសហព័ន្ធ កសាងសំណុំទិន្នន័យលើប្រជាជនសម្រាប់ការគំរាមកំហែងនិងធ្វើចារកម្មក្រុមហ៊ុន។
បទបញ្ជានេះ បានកំណត់កាលកំណត់សម្រាប់ការលក់ TikTok ទៅឱ្យក្រុមហ៊ុនអាមេរិក ដោយលោក Trump បានទទូចថាសហរដ្ឋអាមេរិកគួរតែខិតខំធ្វើឱ្យកិច្ចព្រមព្រៀងនេះកើតឡើង។
ក្រុមហ៊ុនលក់រាយ Walmart បានប្រាប់ AFP ថា៖ «យើងមានទំនុកចិត្តថា ភាពជាដៃគូរបស់ក្រុមហ៊ុន Walmart និង Microsoft នឹងឆ្លើយតបបានទាំងការរំពឹងទុករបស់អ្នកប្រើប្រាស់ TikTok នៅសហរដ្ឋអាមេរិក ស្របពេលដែលមានការព្រួយបារម្ភពីការកំណត់របស់រដ្ឋាភិបាលអាមេរិក»។
យោងតាមអ្នកវិភាគបានលើកឡើងថាក្រុមហ៊ុន Walmart ទំនងជាចាប់អារម្មណ៍នឹង TikTok ព្រោះតែកម្មវិធីនេះអាចជួយក្រុមហ៊ុនរបស់ខ្លួន កាន់តែមានទំនាក់ទំនងល្អជាមួយអ្នកដើរផ្សារវ័យក្មេង ដែលមានទំនោរទៅលើការប្រើប្រាស់អ៊ីនធើរណេត៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព