ប្រទេសម៉ាលី ៖ អតីតប្រធានាធិបតីម៉ាលីលោក IBRAHIM BOUBACAR KEITA ត្រូវបានដោះលែងវិញហើយកាលពីថ្ងៃទី២៧ សីហា ដោយពួកយោធាដែលផ្ដួលរំលំលោកកាលពីសប្ដាហ៍មុន ក្រោយពីកាន់អំណាច៧ឆ្នាំមក ។ នេះបើតាមការប្រកាសមួយរបស់ពួកយោធា ។
គណៈកម្មាធិការជាតិដើម្បីសង្គ្រោះប្រជាជន CNSP ដែលបង្កើតឡើងដោយពួកយោធា ដើម្បីដឹកនាំប្រទេសបានជូនដំណឹងដល់សាធារណជនជាតិនិងអន្តរជាតិថា អតីតប្រធានាធិបតីលោកIBRAHIM BOUBACAR KEITA ត្រូវបានដោះលែង ហើយបច្ចុប្បន្នស្ថិតនៅក្នុងនិវេសនដ្ឋានរបស់លោក ។សមាជិកគ្រួសារម្នាក់របស់អតីតប្រធានាធិបតីរូបនោះគូសបញ្ជាក់ថា លោក KEITA បានវិលមកកាន់និវេសនដ្ឋានលោកវិញនាពេលយប់ ។
អាយុ៧៥ឆ្នាំលោក IBRAHIM BOUBACARKEITA បានប្រកាសពីការលាលែងពីតំណែង តាមទូរទស្សន៍ជាតិ ។ លោកត្រូវបានចាប់ខ្លួនជាមួយអ្នកទទួលខុសត្រូវច្រើននាក់ទៀត កាលពីថ្ងៃទី១៨ សីហា ក្នុងពេលមានរដ្ឋប្រហារយោធាមួយរបស់បណ្ដានាយទាហានម៉ាលី បន្ទាប់ពីមានវិបត្តិជាច្រើនខែមក ។ នាយទាហានទាំងនោះបានចាត់ទុកប្រធានាធិបតីរូបនោះថា ជាអ្នកទទួលខុសត្រូវសំខាន់នៃវិបត្តិសន្តិសុខ នយោបាយនិងសេដ្ឋកិច្ច ដែលរុញច្រានប្រទេសឲ្យធ្លាក់ចុះដុនដាប ចាប់តាំងពីច្រើនឆ្នាំមកហើយ ។
នាយប់ថ្ងៃទិ២៧សីហាប្រធានាធិបតីរូបនោះ បានប្រកាសពីការសុំលាលែងចេញពីតំណែងតាមទូរទស្សន៍ជាតិដោយលោកនិយាយថាគ្មានជម្រើសណាផ្សេង ដើម្បីចៀសវាងពីការបង្ហូរឈាមមួយ ។ ការដោះលែងរូបលោកកើតមានក្នុងក្របខណ្ឌនៃការចរចារវាងពួកយោធាដែលឡើងកាន់អំណាច និងបណ្ដាបេសកជនរបស់សហគមន៍បណ្ដារដ្ឋអាហ្វ្រិកខាងលិច CEDEAO ៕ ផ្តល់សិទ្ធីដោយ៖ កោះសន្តិភាព