កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាល នៃអអិការដ្ឋានខណ្ឌចំការមន បានធ្វើការឃាត់ខ្លួនបុរសជនជាតិចំនួន៦នាក់ ខណៈស្រាវជ្រាវរកឃើញមានជាប់ពាក់ព័ន្ធ នឹងករណីចាប់ជំរិតស្រ្តីម្នាក់ជាជនជាតិចិនដូចគ្នា កាលពីវេលាម៉ោងជាង៣រសៀល ថ្ងៃទី២៥ សីហា ឆ្នាំ២០២០។
សមត្ថកិច្ចបានចុះបង្រ្កាបករណីនេះ ដែលធ្វើឡើងនៅចំណុចអគារខុនដូមួយកន្លែង ដែលមានទីតាំងផ្លូវលេខ៤១ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ស្រ្តីរងគ្រោះ នៅក្នុងហេតុការណ៍នេះ ឈ្មោះ ZHOU NA ភេទស្រី អាយុ២៥ឆ្នាំ កាន់លិខិតឆ្លងដែនលេខ E០០៥៥៤០៣៩ ពិតប្រាកដមែន។
ដោយឡែកជនបង្កទាំង៦នាក់នេះ មានឈ្មោះទី១៖ឈ្មោះ TU JIAXIN អាយុ២៦ឆ្នាំ, ទី២៖ឈ្មោះ YANG CHUNPING អាយុ៣០ឆ្នាំ, ទី៣៖ឈ្មោះ LI ZHIWEI អាយុ២៦ឆ្នាំ, ទី៤៖ឈ្មោះ XU YONGJUN អាយុ៣១ឆ្នាំ, ទី៥៖ឈ្មោះ XU HUICHENG អាយុ២៨ឆ្នាំ និងទី៦៖ឈ្មោះ LIAO XIANMIN អាយុ២៤ឆ្នាំ។
យោងតាមចម្លើយសារភាពពីជនសង្ស័យទាំង៦នាក់ ខាងលើនេះពិតជាបាន បង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់។
សមត្ថកិច្ចបានសម្រេចដកហូតរថយន្ត១គ្រឿង ម៉ាក Rang Rover ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខភ្នំពេញ2AN-8228 និងលិខិតឆ្លងដែនចំនួន៨ក្បាល និងសំភារះពាក់ព័ន្ធមួយចំនួនផងដែរ។
ជុំវិញករណីនេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ គ្រោងបញ្ជូនខ្លួនជនសង្ស័យទាំង៦ទៅតុលាការ៕ ដោយ៖ត្នោត