បើតាមតួលេខរបស់គេហទំព័រ Worldometers គិតដល់ម៉ោង៧ព្រឹក ថ្ងៃទី២២ ខែមិថុនា មានករណីឆ្លងកូវីដ១៩ នៅលើពិភពលោក កើនឡើងដល់ ៩ 0៣១ ៧៨៩ នាក់ ក្នុងនោះមាន៤៦៩ ៥២៦នាក់ស្លាប់។ ចំណែកអ្នកជាសះស្បើយវិញមាន ៤ ៧៩៥ ៤២១នាក់។ កូវីដ១៩បានឆ្លងរាលដាលដល់ប្រទេស និងដែនដីចំនួន១១៣ នៅលើពិភពលោក។
តាមតួលេខរបស់អង្គការសុខភាពពិភពលោកប្រេស៊ីល ជាប្រទេសដែលមានករណីឆ្លងកូវីដ១៩ ច្រើនជាងគេបង្អស់ក្នុងមួយថ្ងៃ ដោយកាលពីថ្ងៃទី២១ ខែមិថុនា មានករណីឆ្លងដល់ទៅ ៥៤ ៧៧១នាក់ ក្នុងពេល២៤ម៉ោង គឺខ្ពស់បំផុតលើពិភពលោក ។ បន្ទាប់មក គឺអាមេរិក ក្នុងមួយថៃ្ង មានករណីឆ្លងកូវីដ១៩ចំនួន ៣៦ ៦១៧នាក់ ហើយលំដាប់ទី៣ធ្លាក់មកលើប្រទេសតំបន់អាស៊ី គឺឥណ្ឌា រកឃើញមានអ្នកឆ្លងដល់ទៅ១៥ ៤០០នាក់ផងដែរ។
ជាមួយគ្នានេះ ប្រទេសដែលគ្រប់គ្រងស្ថានភាពឆ្លងរាលដាលកូវីដ១៩ បានដូចជា ចិននិង កូរ៉េខាងត្បូង ពេលនេះក៏មានករណីឆ្លងកើនឡើងជាថ្មីផងដែរ ។ កាលពីថ្ងៃទី២១ ខែមិថុនា ចិនរកឃើញមានករណីឆ្លងកូវីដ១៩ ដល់ទៅ២៥នាក់ ក្នុងនោះនៅទីក្រុងប៉េកាំង មាន២២នាក់ ។
ចំណែកទីក្រុងសេអ៊ុលកូរ៉េខាងត្បូងវិញ ក៏បានរកឃើញមានករណីឆ្លងកូវីដ១៩ ថ្មីជិត២០០នាក់ផងដែរ ក្នុងនោះមាន៧០នាក់ជាបុគ្គលិកភោជនីយដ្ឋាន។
អង្គការសុខភាពពិភពលោក បង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីចំនួនអ្នកឆ្លង ដោយសារតែប្រទេសជាច្រើនបានសម្រេចបើកព្រំដែនរបស់ខ្លួន ដើម្បីបម្រើដល់វិស័យទេសចរណ៍ ជួយដល់សេដ្ឋកិច្ចប្រទេសជាតិ ដំណើរការឡើងវិញ។ ប៉ុន្តែការបើកព្រំដែននោះប្រឈមនឹង ានិភ័យខ្ពស់ពីការឆ្លងកូវីដ១៩៕ ប្រែសម្រួលដោយ៖ MEO