តាមសេចក្តីរាយការណ៍នៅបារាំងបានឱ្យដឹងថា ក្លិប Marseille កំពុងត្រៀមលក់ខ្សែបម្រើ Florian Thauvin ក្នុងតម្លៃ ២០លានផោន ឱ្យទៅក្លិបណាដែលចាប់អារម្មណ៍ចង់បាននៅរដូវក្តៅនេះ។
តាមរបាយការណ៍របស់កាសែត L’Equipe បានឱ្យដឹងថា Marseille កំពុងជួបបញ្ហាផ្នែកហិរញ្ញវត្ថុ ដោយសារតែលីគកំពូលនៅបារាំងសម្រេចបញ្ចប់យុទ្ធនាការមុនពេលកំណត់ ហើយធ្វើឱ្យក្លិបខាតបង់ចំណូលមួយចំនួនធំ នៅពេលដែលគ្មានការប្រកួតចាប់តាំងមីនាកន្លងមក។ យ៉ាងណាមិញ ក្លិបនឹងត្រៀមលក់ Thauvin ក្នុងតម្លៃ ២០លានផោន ដើម្បីដោះស្រាយបញ្ហាខ្លះ ហើយ Milan, Roma, Juventus និង Napoli សុទ្ធតែជាក្លិបដែលត្រូវបានគេផ្សាភ្ជាប់នឹងខ្សែបម្រើរូបនេះ។ មែនទែនទៅតម្លៃខ្លួនលក់ Thauvin ២០លានផោននេះ គឺជាចំនួនមួយដែលធ្លាក់ចុះប៉ុណ្ណោះ ដោយពីមុនរូបគេធ្លាប់មានតម្លៃខ្លួន ៣៥លានផោន។
កីឡាករអន្តរជាតិបារាំងវ័យ២៧ឆ្នាំរូបនេះ បង្ហាញខ្លួនសម្រាប់ Marseille បានត្រឹមតែ ២ប្រកួតប៉ុណ្ណោះ ក្នុងរដូវកាលនេះ ក្រោយរូបគេត្រូវបានរំខានដោយសារបញ្ហារបួសជង្គង់ធ្ងន់ធ្ងរ ចាប់តាំងពីខែកញ្ញា ឆ្នាំនេះមកម្ល៉េះ។ យ៉ាងណាក៏ដោយបច្ចុប្បន្ន រូបគេបានជាសះស្បើយពីរបួសហើយ ខណៈពេលដែលរដូវកាលនេះ Marseille បញ្ចប់ទៅដោយឈរនៅចំណាត់ថ្នាក់លេខ២។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ football-italia