អាជ្ញាធរប្រទេសចិនបានរកឃើញជំងឺកូវីដ១៩ថ្មីចំនួន២៥ករណីបន្ថែមទៀត ក្នុងនោះ២២ករណីរកឃើញនៅក្នុងទីក្រុងប៉េកាំង និង៣ករណីទៀត រកឃើញនៅក្បែរខាងខេត្ត Hebei ។
ប្រភព AP ផ្សាយថ្ងៃទី២១ ខែមិថុនាថា អាជ្ញាធរចិនបានថ្លែងថា មនុស្សជាង ២,៣ លាននាក់បានធ្វើតេស្តនៅក្នុងរដ្ឋធានី ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត ក្នុងនោះមានការបិទផ្សារលក់ម្ហូបចំណីទាំងមូលផងដែរ ។
ការរកឃើញថ្មីបន្ថែមទៀតនេះ ធ្វើឲ្យប្រទេសចិនកើនឡើងអ្នកជំងឺកូវីដ១៩សរុប ៨៣ ៣៧៨ នាក់ ក្នុងនោះបាត់បង់ជីវិត ៤ ៦៣៤ នាក់ ហើយ ៧៨ ៤១៣ នាក់បានជាសះស្បើយ ។
សារព័ត៌មាន Worldometers បានផ្សាយថា គិតមកដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ អ្នកជំងឺកូវីដ១៩ នៅជុំវិញពិភពលោកបានកើនឡើងជាង ៨,៩ លាននាក់ ក្នុងនោះបាត់បង់ជីវិត ៤៦៦ ៨៧១ នាក់ និងជាង ៤,៧ លាននាក់បានជាសះស្បើយ ។
អង្គការសុខភាពពិភពលោក ឬ WHO បានហៅជំងឺកូរ៉ូណាវីរុសប្រភេទថ្មីនេះថា ជាកូវីដ១៩ បន្ទាប់ពីវាបានផ្ទុះឡើងដំបូងគេនៅក្នុងខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្តាលរបស់ប្រទេសចិន ។ ជំងឺនេះបានឆ្លងរាតត្បាតពាសពេញដែនដី និងប្រទេសជិត២២៩ ជុំវិញពិភពលោក ។ អង្គការ WHO មិនទាន់រកឃើញថ្នាំព្យាបាលជាក់លាក់ ឬវាក់សាំងបង្ការជំងឺកូវីដ១៩នេះនៅឡើយទេ ៕ ប្រែសម្រួលដោយ៖ thach yat