អតីតគ្រូបង្រៀនតន្ត្រីនិងរបាំគ្មានការងារធ្វើម្នាក់អាយុ ៣៣ ឆ្នាំ ត្រូវបានចាប់ខ្លួនពីបទទាញយករូបភាពអាសអាភាសកុមារនៅខេត្តឈៀងម៉ៃ។
កាលពីថ្ងៃសុក្រទី១៩ ខែមិថុនាគាត់ត្រូវបានចាប់ខ្លួនក្រោយពីប៉ូលិសខេត្តឈៀងម៉ៃបានសហការជាមួយក្រុមការងារតាមប្រព័ន្ធអ៊ីនធឺណិតប្រឆាំងនឹងបទឧក្រិដ្ឋលើកុមារដោយឆ្មក់ចូលផ្ទះមួយនៅក្នុងស្រុក Saraphee ដែលត្រូវបានគេដឹងថាម្ចាស់ផ្ទះជាប់ពាក់ព័ន្ធនឹងសកម្មភាពទាញយករូបភាពអាសអាភាសកុមារអាយុ ១០ឆ្នាំ។
ក្រុមមន្រ្តីបានចាប់ខ្លួនជនល្មើសឈ្មោះ Chai បន្ទាប់ពីពួកគេបានរកឃើញរូបភាពអាសអាភាសជាច្រើនរបស់កុមារានិងកុមារីនៅក្នុងកុំព្យូទ័រយួរដៃពីរគ្រឿង ទូរស័ព្ទចល័តពីរគ្រឿង និងនៅក្នុងឧបករណ៍ USB ជាច្រើនទៀត។ រូបគេបានសារភាពថាបានទាញយករូបទាំងនោះ បន្ទាប់ពីចូលរួមជាមួយក្រុមគណនី Line នៅលើប្រព័ន្ធអ៊ីនធឺណិត។ ការស៊ើបអង្កេតក៏បានបង្ហាញផងដែរថា ជនល្មើសធ្លាប់ជាគ្រូបង្រៀនតន្រ្តីនិងរបាំនៅសាលាឯកជនមួយក្នុងខេត្តឈៀងម៉ៃ តែពេលនេះបានបាត់បង់ការងារហើយបន្ទាប់ពីកិច្ចសន្យារបស់គាត់ជាមួយសាលាបានបញ្ចប់។ ជនល្មើសនឹងត្រូវជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ និងត្រូវពិន័យជាប្រាក់ចំនួន ១០០០០០បាត។
ប៉ូលិសក៏នឹងធ្វើការស៊ើបអង្កេតផងដែរទៅលើក្រុមគណនី Line ដែលអាចជាជនសង្ស័យក្នុងការជួញដូរមនុស្ស។ ក្រុមការងាររបស់ ICAC បានចាប់ផ្តើមប្រតិបត្តិការសង្គ្រោះកុមារក្នុងអំឡុងពេលដែលឧក្រិដ្ឋកម្មទាក់ទងនឹងកុំព្យូទ័របានកើនឡើង។ ក្នុងរយៈពេល ៥៦ថ្ងៃនៃប្រតិបត្តិការនៅក្នុងខេត្តចំនួន២៤ ពួកគេចាប់ខ្លួនជនល្មើសបានចំនួន ៤៧នាក់ ជួយជនរងគ្រោះប្រហែល ១០០នាក់ និងរឹបអូសយករូបភាពអាសអាភាសរបស់កុមារបានជាង ១៥០០០០រូបភាពផងដែរ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ The Nation thailand