សត្វឆ្កែវង្វេងផ្លូវផ្ទះ និងបោះបង់ចោលជាង១ពាន់ក្បាល បានការសង្គ្រោះនិងមើលថែពីគ្រូពេទ្យម្នាក់
គ្រូពេទ្យម្នាក់ឈ្មោះ Susana Somali អាយុជាង៥០ឆ្នាំ បានជួយសង្គ្រោះ និងចិញ្ចឹមសត្វឆ្កែអនាថា សត្វឆ្កែដែលគេនាំយកទៅសម្លាប់ជាដើម រហូតដល់ជាង១ពាន់ក្បាល ។ សកម្មភាពនេះទទួលបានការស្ងើចសរសើរជាខ្លាំងចំពោះទឹកចិត្តស្រឡាញ់សត្វរបស់ស្ត្រីជាគ្រូពេទ្យម្នាក់នេះ ។
ថ្លែងប្រាប់ប្រភពព័ត៌មាន ស្ត្រីជាគ្រូពេទ្យរូបនេះបញ្ជាក់ថា បានបង្កើតទីជម្រកសត្វឆ្កែនេះដោយដាក់ឈ្មោះហៅថា ទីជម្រក Pejaten Animal មានទីតាំងស្ថិតនៅភាគខាងត្បូងទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី ។ ទីជម្រកនេះត្រូវបានគាត់បង្កើតឡើងនៅក្នុងឆ្នាំ២០០៩ ហើយរហូតមកដល់ពេលនេះ បានជួលបុគ្គលិកប្រហែល៣០នាក់ ជួយមើលថែសត្វឆ្កែសរុបប្រហែល១៤០០ក្បាល ។
ដំណើរការនេះប្រព្រឹត្តទៅបានតាមរយៈការរៃអង្គាសប្រាក់ឧបត្ថម្ភផងដែរ ។ នៅក្នុងរដូវកាលកូវីដ១៩ឆ្លងរាតត្បាតនេះទៀតនេះ ធ្វើឲ្យដំណើរការសង្គ្រោះសត្វឆ្កែកាន់តែមមាញឹក ។ ពួកវាត្រូវបានគេបោះបង់ចោល ខណៈខ្លះទៀតត្រូវគេចាប់យកទៅធ្វើសាច់ជាអាហារ ។
ស្ត្រីជាម្ចាស់ទីជម្រកសង្គ្រោះសត្វឆ្កែនេះបានឲ្យដឹងថា ចំពោះសត្វឆ្កែចំណូលថ្មី គឺចំណាយពេលប្រហែលជាងមួយសប្តាហ៍ទម្រាំឲ្យវាសមនឹងបរិយាកាសនៅក្នុងជម្រកថ្មីនេះ ។
អ្នកស្រី Susana Somali បានឲ្យដឹងថា សត្វនីមួយៗ នៅក្នុងជម្រកចិញ្ចឹមរបស់គាត់ ត្រូវការប្រាក់ប្រហែល ២៥០,០០០ រូពី ឬប្រហែលជាង១៧ដុល្លារអាមេរិក ក្នុងមួយខែ សម្រាប់អាហារ និងថ្នាំសង្កូវ ។ ក្នុងនោះ ក៏មានថ្លៃភ្លើង ថ្លៃទឹក ក៏ដូចជាប្រាក់ខែបុគ្គលិកដែលត្រូវបង់ផងដែរ ៕ ប្រែសម្រួលដោយ៖ thach yat