ភ្នំពេញ៖ បុរសជនជាតិខ្មែរអាយុ២២ឆ្នាំ ដែលវិលត្រឡប់ពីប្រទេសឥណ្ឌូណេស៊ី ហើយត្រូវបានរកឃើញថា មានកូវីដ១៩ ពេលនេះបានជាសះស្បើយវិញហើយ។ នេះបើតាមការសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០នេះ។
អ្នកជំងឺកូវីដ១៩ ដែលជាសះស្បើយនៅពេលនេះ មានអាសយដ្ឋាននៅខេត្តកំពង់ចាម ជាអ្នកធ្វើដំណើរមកពីប្រទេស ឥណ្ឌូណេស៊ី។ ក្រោយលទ្ធផលតេស្តអវិជ្ជមាន ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
គិតត្រឹមព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០នេះ នៅកម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ ទាំងអស់នៅទូទាំងប្រទេស សរុបចំនួន ១២៩នាក់ (ស្ត្រី៣៩នាក់ និងបុរស ៩០នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន១២៧នាក់ និងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន២នាក់ គឺ ជាបុរសជនជាតិខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសឥណ្ឌូណេស៊ី៕ ប៊ុនធឿន