ប៉ូលិសរបស់ប្រទេសអង់គ្លេសបានបញ្ជាក់ថា មិនមែនជាទង្វើភេរវកម្មអ្វីទេ ករណីចាក់ប្រហារនៅសួនឧទ្យាន ស្លាប់ និងរបួសច្រើននាក់នោះ ។
ក្រុមជំនាញមានសមត្ថកិច្ចរបស់អង់គ្លេសបានបញ្ជាក់ប្រាប់ប្រភពប៊ីប៊ីស៊ី ផ្សាយកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ថា ករណីចាក់ប្រហារនៅសួនឧទ្យាន Forbury Gardens ក្នុងទីក្រុង Reading ភាគខាងត្បូងរបស់អង់គ្លេសនោះគឺមិនទាក់ទងជាមួយអំពើភេរវកម្មអ្វីឡើយ ។
ប៉ុន្តែយ៉ាងណាក៏ដោយ ប៉ូលិសអង់គ្លេសបញ្ជាក់ថា ខ្លួនបន្តស៊ើបអង្កេតជុំវិញហេតុការណ៍នេះឲ្យបានកាន់តែស៊ីជម្រៅជាងនេះបន្ថែមទៀត ។
ប៉ូលិសបានបញ្ជាក់ថា មនុស្ស៣នាក់បានស្លាប់ និង៣នាក់ទៀតរងរបួសធ្ងន់ធ្ងរ នៅក្នុងហេតុការណ៍ចាក់ប្រហារនេះ ។ បុរសអាយុ២៥ឆ្នាំម្នាក់ត្រូវប៉ូលិសចាប់ខ្លួន ហើយកំពុងស្ថិតនៅក្នុងឃុំខ្លួនសាកសួរចម្លើយរបស់ប៉ូលិស ។
ជនដែលប៉ូលិសចាប់ខ្លួននៅកន្លែងកើតហេតុនោះគឺជាជនជាតិលីប៊ី ។ សាក្សីម្នាក់និយាយថា បុរសម្នាក់បានធ្វើសកម្មភាពចាក់ប្រហារទៅលើមនុស្សមួយក្រុម ហើយមួយក្រុមទៀត ស្ថិតនៅសួនឧទ្យាន Forbury Gardens វេលាម៉ោង១៩ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ (ពេលវេលាក្នុងតំបន់) ៕ ប្រែសម្រួលដោយ៖ thach yat