ស្រលាញ់គ្នារាប់ឆ្នាំជាមួយគូស្នេហ៍ ប៉ុន្តែទឹម រដ្ឋា មិនទាន់គិតគូរឿងរៀបចំសេរីមង្គល
រាជធានីភ្នំពេញ ៖ តារាសម្តែង និងជាតារាបង្ហាញម៉ូដដ៏មានប្រជាប្រិយភាព ទឹម រដ្ឋា បានធ្វើអោយមហាជនអ្នកគាំទ្រមានការរង់ចាំ និងចង់ឃើញការរៀបចំសេរីមង្គលរបស់នាងជាខ្លាំងជាមួយនឹងគូសេ្នហ៍ដែលស្រលាញ់គ្នារាប់ឆ្នាំមកហើយ ។
ជុំវិញមហាជនកំពុងតែរង់ចាំមើលពិធីរៀបចំទៅតាមប្រពៃណីដូចបណ្តាញសិល្បៈករដ៏ទៃទៀត ស្រាប់តែតារាសម្តែងរាងខ្ពស់ស្រឡេះរូបនេះបានលើកឡើងថា មិនទាន់គិតគូនៅរឿងរៀបចំមង្គលការទៅតាមប្រពៃណីអោយចាស់ទុំសងខាងបានដឹងលឺនោះទេ បើទោះជាស្រលាញ់គ្នាអស់រយៈពេល ៥ឆ្នាំមកហើយ ។
យ៉ាងណាមិញ ចំពោះមូលហេតុរវាងនាង និងគូស្នេហ៍ជាជនជាតិអាមេរិកលោក Jovany Antonio ដែលជាអ្នកជំនួញមួយរូបនេះទៅលើការមិនទាន់សម្រេចចិត្តរៀបការ ពីព្រោះតែរូបនាងមិនទាន់បានស្វែងយល់ចិត្តគ្នាអោយច្បាស់នោះ ពោល គឺត្រូវការពេលវេលាបន្ថែមទៀត ដើម្បីសិក្សាស្វែងយល់ចិត្តគ្នា ដោយសារតែអ្នកទាំង២ មិនបានរស់នៅជាមួយគ្នាទេសព្វថ្ងៃដូចគូសេ្នហ៍បរទេសផ្សេងទៀតដែលបានរស់នៅជាមួយគ្នា ។
គួរបញ្ជាក់ផងដែរថា តារាបង្ហាញម៉ូតរាងតូចច្រឡឹង មានវ័យ៣៤ឆ្នាំរូបនេះនៅតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង បើទោះបីជាវ័យកាន់តែច្រើនក៏ដោយពីព្រោះរូបនាងនៅតែមានសមត្ថភាពនៅក្នុងទីផ្សារសិល្បៈតាមរយៈការសម្តែងជាដើម ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព