អង្គការសុខភាពពិភពលោក (WHO)បានប្រកាសថា ជំងឺកូរីដ១៩ក្នុងមួយថ្ងៃកើនឡើងថ្មីចំនួនជាង ១៤០ ០០០ ករណី នៅទូទាំងសាកលលោក ខណៈដែលចំនួនឆ្លងសរុបកើនឡើងជាង ៨,៥ លាននាក់ហើយ ។ អង្គការ WHO បានប្រកាសដូច្នេះ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ។
ប្រភពបញ្ជាក់ថា ក្នុងរយៈពេល ២៤ ម៉ោង អ្នកជំងឺកូវីដ១៩ចំនួន ៦ ២៧១ នាក់បានស្លាប់ ធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៤៥៦ ៩៧៣នាក់នៅទូទាំងសាកលលោក ។
ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោកបានកើនដល់ ៨ ៥២៥ ០៤២ នាក់ហើយ ។ ប៉ុន្តែបើតាមប្រភព Worldometers បានផ្សាយកាលពីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ថា អ្នកជំងឺកូវីដ១៩ជុំវិញពិភពលោក កើនឡើងជាង ៨,៩ លាននាក់ ក្នុងនោះបាត់បង់ជីវិត ៤៦៦ ២៦៦ នាក់ និងជាង៤,៧លាននាក់បានជាសះស្បើយ ។
ប្រភពបន្តថា អាមេរិកជាប្រទេសទីមួយរងគ្រោះខ្លាំងជាងគេ ដោយមានអ្នកឆ្លងជាង ២,៣ លាននាក់, ប្រេស៊ីល ឆ្លងជាង១,០៧លាននាក់, រុស្ស៊ីឆ្លង ៥៧៦ ៩៥២ នាក់ ឥណ្ឌា ឆ្លង ៤១១ ៧២៧ នាក់ ។ល។
សូមបញ្ជាក់ថា វីរុសកូវីដ១៩ផ្ទុះឡើងដំបូងគេនៅក្នុងខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្តាលប្រទេសចិន ។ ជំងឺនេះមិនទាន់មានថ្នាំព្យបាលជាក់លាក់នៅឡើយទេ មកទល់ពេលនេះ ៕ ប្រែសម្រួលដោយ៖ thach yat