តាមការព្យាករណ៍របស់ប្រទេសថៃបានឱ្យដឹងថា ថៃនឹងមានសូរ្យគ្រាសនៅរសៀលថ្ងៃអាទិត្យនេះ ដែលនឹងមានរូបភាពដ៏អស្ចារ្យដោយមាន «រង្វង់ពន្លឺនៅជុំវិញផ្នែកខ្មៅ»។
ព្រះចន្ទនឹងចាប់ផ្តើមរំកិលទៅខាងមុខព្រះអាទិត្យនៅវេលាម៉ោង ១ និង ១០នាទីរសៀល(ម៉ោងក្នុងស្រុក) ហើយព្រះចន្ទគ្របដណ្ដប់លើព្រះអាទិត្យបាន ៤០% នៅម៉ោង ២ និង ៤៨នាទីរសៀល។ សូរ្យគ្រាសនឹងបញ្ចប់នៅម៉ោង ៤ និង ០៩នាទីរសៀល។ ព្រឹត្តិការណ៍សូរ្យគ្រាសនៅថ្ងៃអាទិត្យត្រូវបានគេស្គាល់ថាជាសូរ្យគ្រាសមួយដែលព្រះចន្ទមិនគ្របដណ្តប់លើព្រះអាទិត្យទាំងស្រុងទេ។ ផ្ទុយទៅវិញគេនឹងឃើញមានពន្លឺព័ទ្ធជុំវិញគែមព្រះអាទិត្យ ដែលគេឱ្យឈ្មោះថា «ចិញ្ចៀនភ្លើង»។ ប្រទេសដែលអាចមើលឃើញមានដូចជាចាប់ពីទ្វីបអាហ្រ្វិកខាងលិចរហូតដល់ឧបទ្វីបអារ៉ាប់, ឥណ្ឌា និងចិនភាគខាងត្បូងនឹងបានឃើញ«ចិញ្ចៀនភ្លើង»ដ៏អស្ចារ្យបំផុតប្រចាំឆ្នាំ។ ព្រះអាទិត្យនឹងងងឹតក្នុងរយៈពេល ៨២វិនាទី។
រូបតំណាង
បើទោះបីជាមេឃហាក់ប្រែស្រទំក៏ដោយ អ្នកដែលចង់ទស្សនាសូរ្យគ្រាសទាំងអស់ត្រូវពាក់វែនតាដែលមានសារធាតុការពាររស្មីអ៊ុលត្រាវីយូលេ ព្រោះការមើលដោយភ្នែកទទេនិងការមើលដោយពាក់វែនតាមិនមានប្រព័ន្ធការពារពន្លឺអាចធ្វើឱ្យភ្នែកប្រឈមនឹងបញ្ហាបាន។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post