
រោងចក្រមួយចំនួន កំពុងជួបហានីភ័យ ដោយសារមិនបានបញ្ចេញទំនិញរបស់ខ្លួន ទៅកាន់ទីផ្សាក្រៅប្រទេស ដោយសារតែអ្នកបញ្ជាទិញ ស្នើសុំឱ្យផ្អាកការនាំចេញ ទៅកាន់ប្រទេសរបស់ពួកគេ។
ជុំវិញរឿងនេះ អ្នកជំនាញ ក្នុងវិស័យកាត់ដេរវាយនភណ្ឌ បានសម្តែងនូវក្តីព្រួយបារម្ភ និងបានលើកឡើងនូវបញ្ហាធំ ពាក់ព័ន្ធនឹងបញ្ហាស្តុបទំនិញទុក នៅក្នុងឃ្លាំង ដោយមិនអាចបញ្ចេញ ទៅកាន់អ្នកបញ្ជាទិញផងដែរ ដែលនេះជាមូលហេតុឱ្យមានកំណើនព្យួរការងារ និងការបិទរោងចក្រ កាន់តែកើនឡើងបន្ថែមទៀត។
លោកបណ្ឌិត ជួន មុំថុល ប្រធានសហព័ន្ធសហជីពខ្មែរ បានឱ្យដឹងថា សញ្ញានៃការដក EBA នេះគ្មាន នរណាចាប់អារម្មណ៍សោះ តែឥឡូវនេះ បញ្ហាដែលគេចាប់អារម្មណ៍ នាពលេនេះ គឺបញ្ហានៅទីផ្សារតែគ្មានអ្នកទិញ។ ”ម្នាក់ៗមិនហ៊ានចេញក្រៅផ្ទះទេ ដូច្នេះអ្វីដែលសំខាន់គឺបញ្ហាកូវីដ១៩ រីឯបញ្ហាខោអាវគេផលិតហើយ តែអត់មានអ្នកទិញ”។
លោកបណ្ឌិតបញ្ជាក់ថា សព្វថ្ងៃនេះមានអ្នកបញ្ជាទិញមួយចំនួន បានបញ្ជាឱ្យអ្នកផលិតត្រូវរក្សាទុកផលិតផល ដែលបានចុះកុងត្រាទិញរួចហើយ គឺសម្រាប់ទុកផលិតផលនោះនៅកម្ពុជា។ “អ្នកបញ្ជាទិញខ្លះ គេឱ្យបញ្ជូនទៅឱ្យគេនាំចេញ តែយើងត្រូវចូលរួមចំណាយប្រាក់ខ្លះទៅដល់ការមើលថែលើផលិតផលនៅប្រទេសគេដែរ”។
បើតាមការសង្កេតរបស់ប្រធានប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរនៅកម្ពុជា យល់ឃើញថា វាមានចំនួនរោងចក្រច្រើនផលិតបាន ហើយនៅពុំទាន់បាននាំចេញ។
ការសម្រេចដកពន្ធអនុគ្រោះEBA ពីសហភាពអឺរ៉ុបគឺមិនបានធ្វើឱ្យកម្ពុជាមានការប្រែប្រួលអ្វីនោះទេ។ នេះបើតាមលោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរនៅកម្ពុជា។
លោកអាត់ ធន់បានឱ្យដឹងថា ចាប់ពីថ្ងៃទី១២ ខែសីហា នៅពេលដែលសហភាពអឺរ៉ុប សម្រេចដកផ្នែកខ្លះនៃប្រពន្ធអនុគ្រោះពន្ធ លើគ្រប់មុខទំនិញលើកលែងតែគ្រឿងសម្ពាវុធ (EBA) គឺមិនមានអ្វីប្រែប្រួលនោះទេ។ “មានន័យថា ស្ថានភាពនៅជាធម្មតា គឺខាងអ្នកបញ្ជាទិញមួយចំនួន គាត់បានឱ្យបង្កក់ទុក ឬផលិតទុក រីឯអ្នកមួយចំនួនទៀត ត្រូវបញ្ជូនផលិតផលចេញទៅតាមទីផ្សារ ដែលអាចនាំទៅបាន។
ក្រុមហ៊ុន ឬរោងចក្រដែលផលិតបានហើយ ពុំទាន់បាននាំចេញទៅ គឺមានច្រើនជាងក្រុមហ៊ុនដែលបាននាំចេញ។ បើផលិតបានហើយមិនអាចនាំ ចេញទៅបានទេ នេះជាបញ្ហាធំ។
បើតាមលោក ហេង សួរ បញ្ជាក់ថា «រោង ចក្រកំពុងព្យួរសរុបមានចំនួន ១៣៩ រោងចក្រ ស្មើនឹងកម្មករនិយោជិតសរុបចំនួន ៦២ ៥៧៦ នាក់ ក្នុងនោះស្រី ៥២ ០០៩នាក់»។
យោងតាមសេចក្តីជូនដំណឹងរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ថា GMAC កាលពីថ្ងៃទី ១២ខែសីហា ឆ្នាំ ២០២០កន្លងទៅនេះបានឱ្យដឹងថា សេចក្តីសម្រេច របស់សហភាពអឺរ៉ុប ស្តីពីការដកផ្នែកខ្លះនៃប្រពន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញលើក លែងតែគ្រឿងសម្ពាវុធ EBA សម្រាប់ផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតធ្វើដំ ណើរមួយចំនួនពីប្រទេសកម្ពុជា ចូលជាធរមានចាប់ពីថ្ងៃទី ១២ខែសីហា ឆ្នាំ ២០២០។ ដោយ៖ ត្នោត