ក្លិប Everton និង Newcastle United កំពុងសម្លឹងឃើញគោលដៅរួមមួយ គឺការទិញយកខ្សែបម្រើកណ្តាល Franck Kessie របស់ក្លិប AC Milan នៅរដូវក្តៅនេះ។
តាមសេចក្ដីរាយការណ៍របស់កាសែត Tuttosport បានឱ្យដឹងថា Everton ចង់បានកីឡាករអន្តរជាតិកូតឌីវ័រវ័យ២៣ឆ្នាំរូបនេះ មកជួយពង្រឹងនៅតំបន់កណ្តាលក្នុងក្រុមបន្ថែម ក្រោមការដឹកនាំរបស់លោក Carlo Ancelotti។ រីឯ Newcastle វិញ មួយរយៈនេះ ពួកគេហាក់កំពុងត្រៀមនាំយកកម្លាំងល្អៗចេញពីក្របខ័ណ្ឌ Serie A របស់អ៊ីតាលី នៅរដូវក្តៅនេះ ហើយក្នុងនោះ Kessie ក៏ជាគោលដៅនាំចូលមួយរូបផងដែរ។ ប្រភពដដែលបានអះអាងថា ទាក់ទងនឹងតម្លៃខ្លួនផ្ទេររបស់ខ្សែបម្រើរូបនេះវិញ គឺក្លិបទាំងពីរនឹងត្រូវចំណាយមិនក្រោម ២០លានអឺរ៉ូទេ ទើបអាចយករូបគេចេញពី Milan បាន។
យ៉ាងណាមិញ បច្ចុប្បន្ន Kessie នៅសល់កុងត្រាជាមួយ Milan ដល់ឆ្នាំ២០២២។ សម្រាប់រដូវកាលនេះ រូបគេបង្ហាញខ្លួនឱ្យក្លិបបានចំនួន ២៣ប្រកួត ហើយរកគ្រាប់បាល់បញ្ចូលទីបាន ១គ្រាប់ផងដែរ ក្នុងក្របខ័ណ្ឌ Serie A។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ football-italia