កាលពីថ្ងៃសុក្របុរសអាយុ ៧០ឆ្នាំម្នាក់រងការចោទប្រកាន់ថា បានបាញ់សម្លាប់ស្ត្រីមានផ្ទៃពោះរហូតដល់ស្លាប់ និងប្តីរបស់ជនរងគ្រោះរងរបួសយ៉ាងធ្ងន់ធ្ងរ ។
លោក Krit Thanathavornrit បានប្រគល់ខ្លួនឱ្យប៉ូលិសកាលពីយប់ថ្ងៃសុក្រ ហើយបានប្រគល់កាំភ្លើងខ្លីA38 មួយដើមដែលប្រើក្នុងការបាញ់ជនរងគ្រោះ។ ការបាញ់ប្រហារនេះបានកើតឡើងភូមិ Soi Sabaijai ឃុំ Yang Hak នៃស្រុក Pak Tho កាលពីថ្ងៃសុក្រវេលាម៉ោង២ និង ៣០នាទីរសៀល ។ ពេលដែលក្រុមអ្នកសង្គ្រោះ និងប៉ូលិសទៅដល់កន្លែងកើតហេតុ គេបានប្រទះឃើញឡានម៉ាក Honda Jazz ពណ៌សមួយគ្រឿងធ្លាក់នៅក្នុងប្រឡាយជិតចម្ការអំពៅមួយ។
អ្នកបើកបរឡានឈ្មោះ Pitak Sukmak អាយុ ៣១ឆ្នាំរស់នៅស្រុក Muang ខេត្ត Ratchaburi រងរបួសដោយគ្រាប់កាំភ្លើងចំកញ្ចឹងកនិងដៃឆ្វេង។ ភរិយារបស់គាត់ឈ្មោះ Jindarak Khunnut អាយុ ២៨ឆ្នាំ មានផ្ទៃពោះ ៤ខែមានរបួសដោយគ្រាប់កាំភ្លើងចំនួន ៣កន្លែងគឺត្រង់ក្បាល ត្រចៀកខាងឆ្វេង និងដៃឆ្វេង។ ជនល្មើសបានប្រគល់ខ្លួនឱ្យប៉ូលិសនិងបានសារភាពថាគេបានបាញ់ជនរងគ្រោះដោយសារតែកំហឹងរឿងជម្លោះដីធ្លី។ ជនល្មើសបានពន្យល់ថា គាត់បានទិញពីម្តាយរបស់អ្នកស្រី Jindarak ដែលជាជនរងគ្រោះ ហើយបន្ទាប់មកគាត់បានសាងសង់ផ្ទះនៅលើទីតាំងនោះ។ អ្នកស្រី Jindarak មិនចង់ឲ្យម្តាយលក់ដីនោះទេ ។ អ្នកស្រីបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងរូបលោក ហើយជម្លោះក៏ចាប់ផ្តើមកើតមានឡើង។ ថ្ងៃមួយជនល្មើសកំពុងនៅជាមួយជាងម្នាក់កំពុងសាងសង់ក្លោងទ្វារនៃច្រកចូលផ្ទះ ស្រាប់តែឡានប្តីប្រពន្ធរងគ្រោះបានជិះមករកគាត់។ ជម្លោះពាក្យសម្តីកាន់តែយ៉ាប់យឺនទៅ ធ្វើឱ្យលោក Krit ជាជនល្មើសទប់កំហឹងមិនបានហើយដកកាំភ្លើងមួយដើមបាញ់ទៅប្តីប្រពន្ធទាំងពីរដែលនៅក្នុងឡាន។
ជនល្មើសបានអះអាងថា លោកមិនបានដឹងថាគ្រាប់កាំភ្លើងបានត្រូវអ្នកណាខ្លះនោះទេ។ បុរសជាប្តីបើកឡានរត់គេចខ្លួន តែរថយន្តជ្រុលចង្កូតទៅបុករបងផ្ទះក្បែរនោះប្រហែល ១០០ម៉ែត្រពីកន្លែងបាញ់ប្រហារ។ ឡានបានធ្លាក់ចូលទៅក្នុងប្រឡាយមួយ។ បន្ទាប់ពីបានឃើញអ្វីដែលកើតឡើងជនល្មើសបានសម្រេចចិត្តរត់គេចខ្លួននៅក្នុងឡានរបស់គាត់មុនពេលប៉ូលិសចាប់ខ្លួន។ បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ Ratchaburi។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post