
រាជធានីភ្នំពេញ ៖ រឿងរ៉ាវផ្ទុះការវិភាគទៅដល់មហាជនរវាងលោក ខេម និងផលិតកម្មថោន កាលពីពេលថ្មីៗ ត្រូវបានធ្វើការដោះស្រាយរវាងភាគីទាំង២ បានបញ្ចប់ដោយគ្មានជម្លោះតទៅទៀត និងរាប់អានគ្នាបន្ត ក្រោយពីលោក ហេង ឡុង បានបង្ហោះនៅយប់ឈានចូលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០កន្លងមកនេះ ។
តែយ៉ាងណាក៏នៅតែមានសិល្បៈករ រួមអាជីពជាមួយនឹងផលិតកម្មចាស់ នៅតែបង្ហាញសារជាបន្តបន្ទាប់ដែលនៅក្នុងនោះមហាជនសង្កេតឃើញមានតារាចម្រៀង ករុណា ពេជ្រ បានបង្ហោះសារតាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់លោក និងបានខំមិនលេងជាមួយនឹងមិត្តភក្ដិនៅក្នុងបណ្តាញសង្គមជាច្រើន ។
ដោយឡែកនៅក្នុងការលេងខំមិនរបស់លោក ករុណា ពេជ្រ បាននិយាយពាក្យទៅកាន់លោកហេង ឡុងថា «បង ហេងឡុង គេងទៅ តិចរស់មិនសមហេតុផល» បន្ទាប់ពីឃើញសារមួយនេះមក ស្រាប់តែអ្នក នាង ចន ច័ន្ទលក្ខិណា បានបង្ហោះសារថ្មីមួយដែលបន្ថែមពីលើការខំមិននោះ ដោយចោទសួរករុណា ពេជ្រ យ៉ាងចំៗថា «ហេតុអ្វី? រស់មិនសមហេតុផលយ៉ាងម៉េច ពេជ្រ? គំរាម?»
បន្ទាប់ពីប្រធានសមាគមន៍សិល្បៈអ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេរបែបនេះរួចមកបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់មហាជន ជាហេតុធ្វើអោយមហាជនយល់ថា រឿងនេះអាចមិនទាន់ចប់នោះទេ ចំណែកលោក ករុណា ពេជ្រផ្ទាល់ក៏មិនបានតបសារអ្វីបន្ថែមទៀតដែរ ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព