
រាជធានីភ្នំពេញ ៖ ក្នុងឆ្នាំនេះ តារាស្រីលេចធ្លោចំនួន៣ដួង ស្រាប់តែបង្ហាញការចាប់អារម្មណ៍ពេញសង្គមសិល្បៈ គ្រាស្ងាត់ៗមានកូនម្នាក់មួយ។ ពួកគេសុទ្ធតែមានចិត្តក្លាហាន បង្ហាញមុខមាត់កូនឱ្យហ្វេនៗបានដឹងទាំងញញឹម ខណៈមុខមាត់ពិតរបស់ស្វាមីបែបណា នៅមិនទាន់បើកចិត្ត។ តារាស្រីទាំង៣ដួងនោះ រួមមាន សម ម៉ាណា, ឌុច លីដា និងតារាកំប្លែង លន់ ដាណេ។
តារាស្រីរាយនាមខាងលើនេះឃើញថា មានការរីករាយចិត្តណាស់ ដែលមានកូនមកប្រឡែងលេងរាល់ថ្ងៃ បំបាត់ភាពនឿយហត់ ពេលមកបំពេញការងារ។ យ៉ាងណាម្នាក់ៗ ដែលមានកូនមិនទាន់ការធ្វើឱ្យផ្អើលគេឯង នៅតែមិនព្រមបង្ហាញមុខមាត់ស្វាមីឱ្យដឹងពី ប្រវត្តិខ្លះ ៗនិងតួនាទីជូនដល់អ្នកគាំទ្រឡើយ។
ករណីដូចជា ឌុច លីដា បានអះអាងថា មិនទាន់មានគម្រោងចង់បង្ហាញមុខមាត់ស្វាមីឱ្យគេឃើញពេលនេះនៅឡើយទេ។ នាងថា ចាំកូនប្រុសធំជាងនេះ នឹងធ្វើពិធីរៀបការឱ្យមហាជនបានដឹងឮ។
ចំណែក សម ម៉ាណា វិញ តារាដែលលេចធ្លោជំនាន់លោកហ្វៃ សំអាងអុកលុក និពន្ធបទចម្រៀង បានបិទបាំងឈឹងសូន្យ មិនដែលបង្ហើបប្រាប់ថា ប៉ាកូនប្រុសរបស់នាងជាអ្នកណាឡើយ។ សូម្បីតែនៅលើបណ្តាញសង្គមនាងក៏មិនបានទម្លាយឱ្យឃើញរូបប្តីដែលបង្ហោះជាលក្ខណៈគ្រួសារដែរ។
ឯ លន់ ដាណេ ក៏ដូចគ្នា ក្រោយបានកូនប្រុស ស្វាមីស្រឡាញ់ ជូនកាដូផ្ទះ១ជុង ធ្វើឱ្យមានសំណាង ហើយឆាប់ៗនេះនាងនឹងធ្វើពិធីឡើងគេហដ្ឋានថ្មីនៅបុរីមួយកន្លែង។ បើទោះជាពេលនេះ ការមិនសូវប្រកាន់រឿងតារាមានកូនលាក់មុខស្វាមី ក៏អាចធ្វើពិធីចូលរោងការផ្លូវការមួយនាពេលខាងមុខ ។ ហេតុផលឱ្យសមជាតារា ដែលមានមុខមាត់មហាជនធ្លាប់គាំទ្រ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព