យោងតាមទូរទស្សន៍ NHK ជប៉ុនបានផ្សាយនៅថ្ងៃសុក្រនេះថា នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ នឹងលាលែងពីតំណែង ដោយសារតែហេតុផលសុខភាពរបស់លោក ។ គេរំពឹងថា លោក ស៊ីនហ្សូ អាបេ នឹងធ្វើសន្និសីទកាសែត នៅម៉ោង ៥ល្ងាច ថ្ងៃទី២៨ សីហា ២០២០នេះ ។
ប្រជាជនជប៉ុនកំពុងចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើប្រធានបទ សុខភាពរបស់លោក ស៊ីនហ្សូ អាបេ ចាប់តាំងពីលោកបានទទួលការពិនិត្យសុខភាពនៅមន្ទីរពេទ្យ ក្នុងទីក្រុងតូក្យូ កាលពីថ្ងៃទី១៤ ខែសីហា កន្លងមក បន្ទាប់មកលោកបានវិលត្រឡប់ទៅតាមដានបន្តទៀត នៅថ្ងៃចន្ទ ដើមសប្តាហ៍នេះ ។ លោក ស៊ីនហ្សូ អាបេ ធ្លាប់មានជំងឺដំបៅរ៉ាំរ៉ៃ ដែលជាជំងឺរលាកពោះវៀន
ថ្មីៗនេះ តាមរបាយការណ៍ថា ស្ថានភាពរបស់នាយករដ្ឋមន្ត្រីជប៉ុន បានធ្លាក់ ចុះចាប់តាំងពីខែកក្កដា ហើយកាន់តែអាក្រក់ទៅៗ នៅដើមខែសីហានេះ៕ ដោយ៖ ត្នោត