យោងតាមកាសែតអេស្ប៉ាញ Mundo Deportivo បានឱ្យដឹងថា ខ្សែប្រយុទ្ធ Luka Jovic ចង់ចាកចេញពី Real Madrid ទៅចូលរួមជាមួយក្លិប AC Milan នៅរដូវក្តៅនេះ បន្ទាប់ពីមានការខកចិត្តចំពោះក្លិបដែលបានមើលរំលងសមត្ថភាពរបស់ខ្លួនកន្លងទៅ។
កីឡាករអន្តរជាតិស៊ែប៊ីវ័យ២២ឆ្នាំរូបនេះ បានផ្លាស់មក Madrid នៅដើមរដូវកាលនេះ ក្រោមក្លិប Eintracht Frankfurt យល់ព្រមសំណើទឹកប្រាក់ ៦០លានអឺរ៉ូ ឬប្រមាណ ៦៧លានដុល្លារ។
ក្រោយផ្លាស់មកទឹកដី Santiago Bernabeu ជិតមួយរដូវកាលមកនេះ Jovic ទើបតែបង្ហាញខ្លួនសម្រាប់ការប្រកួតផ្លូវការបាន ២៤ប្រកួត និងរកគ្រាប់បាល់បញ្ចូលទី ២គ្រាប់ប៉ុណ្ណោះ ហើយណាមួយរូបគេក៏មានបញ្ហារបួសផងដែរ ទើបមិនទទួលបានទំនុកចិត្តពីលោក Zidane ក្នុងការដាក់ឱ្យលេងកន្លងមកនេះ។
យ៉ាងណាមិញ Jovic គិតថា បើទោះបីជាខ្លួនជាសះស្បើយពីរបួសក៏ដោយ ក៏ខ្លួននៅតែមិនអាចទទួលបានការចាប់អារម្មណ៍ពីលោក Zidane គ្រូបង្វឹករបស់ Real Madrid ឡើយ។ ដូច្នេះហើយ ទើបរូបគេមានកូនចិត្តមួយចង់ចាកចេញពីក្លិប នៅរដូវក្តៅនេះ ហើយអាចនឹងផ្លាស់ទៅ Milan ដើម្បីចាប់ដៃគូនឹងខ្សែប្រយុទ្ធ Ante Rebic ដែលធ្លាប់ជាអតីតមិត្តរួមក្រុមជាមួយគ្នា កាលពីលេងនៅ Frankfurt រដូវកាលមុន។
កេសម្រួលដោយ៖ ភារ៉ា
ប្រភព៖ dailymail