កាលពីថ្ងៃសៅរ៍រដ្ឋាភិបាលថៃបានរាយការណ៍ថា ថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគ-១៩ចំនួនម្នាក់ ដែលរូបគេជាជនជាតិថៃត្រឡប់មកពីប្រទេសបារ៉ែន ធ្វើឱ្យចំនួនអ្នកឆ្លងសរុបក្នុងប្រទេសកើនឡើងដល់ ៣១៤៧នាក់ ហើយអ្នកស្លាប់សរុបនៅរក្សាចំនួន ៥៨នាក់ដដែល។
មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩ បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា អ្នកឆ្លងថ្មីជាជនជាតិថៃអាយុ ២៨ឆ្នាំ បានស្ថិតនៅមណ្ឌលដាច់ឡែកមួយរបស់ខេត្ត Chon Buri ចាប់តាំងពីរូបគេបានវិលត្រឡប់មកពីប្រទេសបារ៉ែនកាលពីថ្ងៃទី១៤ ខែមិថុនា។ បច្ចុប្បន្នថៃនៅសល់អ្នកជំងឺសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន ៧១នាក់។ ប្រទេសថៃជាប់ចំណាត់ថ្នាក់ទី៩១ ក្នុងចំណោមប្រទេសទាំង ២១១ ដែលឆ្លងជំងឺកូវីដ-១៩។
រូបតំណាង
តាមរបាយការណ៍បានឱ្យដឹងថា ទីក្រុងបាងកក និងខេត្ត Nonthaburi មានអ្នកឆ្លងច្រើនជាងគេគឺ ១៧៥៧នាក់ បន្ទាប់មកគឺខេត្តភាគខាងត្បូងមាន ៧៤៤នាក់, តំបន់វាលទំនាបកណ្តាលមាន ៤៤០នាក់, ភាគឦសានមាន ១១១នាក់ និងខាងជើងមាន ៩៥នាក់ ។ គិតមកដល់ថ្ងៃនេះ ប្រទេសថៃមិនមានអ្នកឆ្លងក្នុងស្រុកចំនួន២៦ថ្ងៃជាប់គ្នាហើយ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ bangkok post