អ្នករស់នៅកោះសាមុយម្នាក់បានចេញមុខស្នើសុំឱ្យរដ្ឋាភិបាលជួយដំរីរាប់រយក្បាលដែលរងការអត់ឃ្លានក្រោយសេដ្ឋកិច្ចធ្លាក់ចុះព្រោះមេរោគកូវីដ-១៩រាតត្បាត។
លោកស្រី Susan Field ដែលជាពលរដ្ឋអង់គ្លេសរស់នៅកោះសាមុយបានបង្ហាញសំណើមួយកាលពីម្សិលមិញដែលមានហត្ថលេខាអ្នកនៅស្រុកដទៃទៀតជិត ៦៥០០០នាក់។ ការបិទជំរំដំរីដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរនៅតំបន់ភាគឦសានបានធ្វើឱ្យដំរីរាប់ពាន់ក្បាលគ្មានស្បៀងអាហារគ្រប់គ្រាន់។ អនាគតរបស់សត្វដំរីនៅប្រទេសថៃបច្ចុប្បន្នមើលទៅគួរឱ្យអាណិតណាស់។ ទម័កដំរីភាគច្រើនយកដំរីទៅសុំទានតាមដងផ្លូវក៏មាន ហើយរឹតតែធ្ងន់ធ្ងរនោះគឺពួកគេយកសត្វដ៏មានតម្លៃទាំងនេះទៅធ្វើរឿងថោកទាបផ្សេងៗដើម្បីបានប្រាក់ចិញ្ចឹមជីវិត។ តើសត្វដ៏អស្ចារ្យដែលជានិមិត្តរូបជាតិរបស់ប្រទេសថៃសមនឹងទទួលរឿងបែបនេះទេ? នៅពេលដែលស្ថានភាពដំរីកាន់តែយ៉ាប់យ៉ឺនទៅៗ ដំរីទាំងនោះនៅតែបន្តស្លាប់ដោយសារកង្វះអាហារូបត្ថម្ភ ហើយអ្នកជំនាញបានព្យាករណ៍ថាវិស័យទេសចរណ៍នៅក្នុងប្រទេសថៃនឹងមានភាពអវិជ្ជមាននិងផ្តល់ផលអវិជ្ជមានយ៉ាងខ្លាំង។
រូបតំណាង
សំណើមាន២ប្រការគឺ៖
១. ក្នុងពេលដ៏សំខាន់នេះ រដ្ឋាភិបាលគួរតែមានជំនួយហិរញ្ញវត្ថុជាបន្ទាន់ដើម្បីផ្គត់ផ្គង់ដល់សត្វដំរី ទម័កដំរី និងក្រុមគ្រួសាររបស់ពួកគេ ឬអាចផ្តល់ជាអាហារ និងគ្រឿងប្រើប្រាស់។
២. បង្កើតបទបញ្ជាអនុវត្តដើម្បីការពារសត្វដំរីទាំងនោះ។
អ្នកស្រីបានបន្ថែមថា សូមរដ្ឋាភិបាលបង្ហាញភាពខ្វល់ខ្វាយ និងការអាណិតស្រឡាញ់ចំពោះសត្វដែលជានិមិត្តរូបប្រទេសដោយកុំទុកឱ្យពួកគេអត់ឃ្លានបែបនេះ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Samuitime