Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តំបន់ទេសចរណ៍ ភ្នំខ្នងផ្សា

ខ្នងផ្សារ ជាតំបន់ទេសចរណ៍ធម្មជាតិមួយដែលទើបនឹងរកឃើញថ្មីៗនេះ ដែលស្ថិតនៅក្នុងភូមិតាំងបំពង តំបន់រលាក់កងជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ហើយបានផ្សាភ្ជាប់ខេត្តចំនួនបីផងដែរ គឺរវាង ខេត្តកោះកុង ខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់។ 

(ប្រភពរូបភាព៖ planetdiew.com)

ខ្នងផ្សារ ជាតំបន់មួយដែលសំបូរទៅព្រៃឈើក្រាស់ និងសត្វព្រៃដ៏កម្រផងដែរ។ មិនតែប៉ុណ្ណោះ លើភ្នំមាន វាលស្មៅខៀវខ្ចីដ៏ធំល្វឹងល្វើយ ព្រមទាំងអាប់ពពកចុះប៉ះកំពូលភ្នំបង្កើតបានជារូបភាពដ៏ស្រស់ត្រកាលមួយនៃឋានសួគ៌លោកិយ ដែលកំពុងសណ្តំចិត្តអោយទេសចរទាំងទីជិត និងទីឆ្ងាយមិនអាចអាក់ខាននឹងឱកាសនេះបាន។ 

(ប្រភពរូបភាព៖ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia)

ភាពស្រស់ស្អាតបំផុតរបស់ខ្នងផ្សារ គឺការគយគន់នឹងទិដ្ឋភាពគ្រប់យ៉ាងដែលកើតឡើងនៅពេលព្រឹក និងពេលដែលថ្ងៃហៀបនឹងលិចវិញនោះឯង។ ហើយដើម្បីបានទៅមើលថ្ងៃរះដ៏ស្រស់ស្អាតបាន យើងធ្វើដំណើរទៅលើកំពូលភ្នំ ហើយឆ្ងាយគួរសមពីកន្លែងជំរុំតង់ ដូចនេះយើងត្រូវងើបពីព្រលឹមស្រាងៗ ប្ហែលជាម៉ោង៤ និង ៣០នាទីព្រឹក។ សម្រាប់ការធ្វើដំណើរមិនសូវជាលំបាកប៉ុន្មាននោះទេ ប៉ុន្តែយើងត្រូវចំណាយពេលដើរប្រហែលជា ១ម៉ោងជាង ទៅ២ម៉ោង ហើយក្នុងការធ្វើដំណើរនេះដែរ អ្នកនឹងទទួលបានអារម្មណ៍ប្លែកៗជាច្រើនពីដំណើរកំសាន្តបែបផ្សងព្រេងនេះ។ 

(ប្រភពរូបភាព៖ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia)

នៅពេលយប់ អ្នកអាចមើលឃើញវ៉ូងតារារាប់លានដួង ដែលកំពុងឈរបំភ្លឺស្បៃរាត្រី និងជះពន្លឺស្រទុំមកលើវាលស្មៅល្វឹងល្វើយ ហាក់ដូចជាភពមួយផ្សេងទៀតរបស់ផែនដី (វ៉ាវ! វាពិតជាអស្ចារ្យណាស់!)។

(ប្រភពរូបភាព៖ planetdiew.com)

ក្នុងដំណើរថ្មើរជើង យើងនឹងត្រូវដើរតាមជំរាលភ្នំអមដោយភ្នំ និងជ្រលងជ្រោះហាក់ស្រមៃបានថា ខ្លួនឯងកំពុងស្ថិតនៅក្នុងកុនហូលីវូដមួយអ៊ីចឹងដែរ។ សម្រាប់ផ្លូវមានលក្ខណៈតូច សំរាប់តែមនុស្សម្នាក់ប៉ុណ្ណោះ (ត្រូវមានការប្រុងប្រយ័ត្នផង)។ 

(ប្រភពរូបភាព៖ planetdiew.com)

១. ដើម្បីទៅកាន់ភូមិសហគមន៍ខ្នងផ្សា

ត្រូវធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ប្រហែលជា ៤០គីឡូម៉ែត្រពីចោមចៅទៅកាន់ទីរួមខេត្តកំពង់ស្ពឺ។ បន្តដំណើរពីស្ពានត្រង់ចំណុចបំបែកខេត្តកំពង់ស្ពឺប្រមាណជាង ១គីឡូ ត្រូវបត់តាមស្តុប តេលា (ច្បារមន) ទៅស្តាំប្រមាណជា ១គីឡូម៉ែត្រទៀត អ្នកនឹងឃើញផ្លូវបត់ឆ្វេងដែលមានស្លាកសញ្ញាប្រាប់ផ្លូវទៅឱរ៉ាល់។ បន្ទាប់មកទៀត ត្រូវបត់ចូលតាមច្រកឱរ៉ាល់តាមផ្លូវ៤៤ និងបន្តដំណើរប្រហែល ៥០គីឡូទៀត អ្នកនឹងមកដល់រង្វង់មូលឱរ៉ាល់។

មិនទាន់ដល់ទេ អ្នកត្រូវបន្តដំណើរទៅមុខបន្តិចទៀត តាមផ្លូវលំ ប្រមាណ ៣៥គីឡូម៉ែត្រ ដោយជិះកាត់តំបន់ទេសចរណ៍ជនជាតិសួយ (តេទឹកពុះ) នោះអ្នកនឹងទៅដល់ ភូមិរលាក់កងជើង ដែលជាភូមិសាស្ត្រតែមួយគត់នៃភ្នំខ្នងផ្សា។

២. ដើម្បីបន្តដំណើរឡើងលើភ្នំខ្នងផ្សា និងជាទីតាំងដែលត្រូវបោះតង់

ជំហានដំបងអ្នកត្រូវចូលទៅទីស្នាក់ការបរិស្ថាន ដែលនៅក្នុងភូមិដេីម្បីស្រង់ឈ្មោះអ្នកឡេីងភ្នំសិន។ ការឡើងភ្នំតម្រូវអោយមន្ត្រីបរិស្ថានអមដំណើរទៅជាមួយអ្នក ដេីម្បីមេីលការខុសត្រូវ និងការពារសុវត្ថិភាពផងដែរ។

(ប្រភពរូបភាព៖ poraman.com)

ការធ្វេីដំណេីរពីភូមិទៅដល់ជេីងភ្នំ យេីងអាចជិះគោយន្តសហគមន៍ ដែលចំណាយពេលប្រហែល២ម៉ោង បន្ទាប់មកត្រូវបន្តដំណើរដោយថ្មើរជើងបន្តទៀតទើបដល់។ តាមផ្លូវថ្មើរជើងមិនសូវជាពិបាកប៉ុន្មានទេ ហើយបើសិនជាល្អបំផុត គឺកុំយកអីវ៉ាន់តាមខ្លួនច្រើនពេក ព្រោះថាការធ្វើដំណើរវែងឆ្ងាយបែបនេះ វាពិតជាអាចធ្វើអោយអ្នកហត់ខ្លាំង និងអាចមានអាការៈងងឹតមុខសម្រាប់អ្នកខ្សោយ។ ពាក់ព័ន្ធទៅនឹងការឡើងភ្នំ អ្នកអាចនឹងមានបញ្ហាសាច់ដុំ (រមួលក្រពើ) ប្រសិនបើជើងរបស់អ្នកមិនស៊ាំនឹងចំងាយ។ ការដើរឆ្ងាយ និងឡើងភ្នំគឺត្រូវាការប្រើប្រាស់ថាមពលរាងកាយច្រើន ដូច្នេះដំបូន្មានសម្រាប់អ្នកដែលមិនសូវចូលចិត្តហាត់ប្រាណគួរតែចាប់ផ្តើមហ្វឹកហាត់ការដើរតាម ដែលអាចធ្វើបានមុនពេលទៅ។

(ប្រភពរូបភាព៖ Hoeung ChanThona)

បើសិនអ្នកមិនសូវឈប់សម្រាកទេ អ្នកអាចចំណាយពេលប្រហែលជា ៤-៥ម៉ោង ឬលេីសពីនេះនឹងទៅដល់ ប៉ុន្តែបើសិនជាអ្នកឧស្សាហ៍ឈប់សម្រាក អាចនឹងប្រើពេលយូរជាងនេះ ឬរហូតដល់ ៨ម៉ោង។ ក្នុងការធ្វើដំណើរមានភាពលំបាកបន្តិច ក្នុងការដើរ ដូច្នេះអ្នកគួរតែត្រៀមឈើច្រត់សម្រាប់ឡើងភ្នំជាជំនួយ។

៣. ត្រូវត្រៀមអ្វីខ្លះសម្រាប់ឡើងភ្នំ

អ្វីចាំបាច់បំផុតនោះ គឺស្បែកជើងឡើងភ្នំ អ្នកត្រូវជ្រើសយកស្បែកជើងឡើងភ្នាំដែលមានបាតក្រាស់រឹងមាំ និងក្រឡាជ្រៅ។ ផ្សេងទៀត ត្រូវដាក់ទឹកអោយសមល្មមដើម្បីបំបាត់ការស្រេកទឹក ឬបើមានឧបករណ៍ចំរោះទឹកតូចមួយតាមខ្លួនក៏ល្អដែរ។ ចំពោះសម្លៀកបំពាក់ដែលត្រូវយកទៅផ្លាស់ប្តូរវិញ គួរយកតែ២ទៅ៣កំប្លេរបានហើយ ធ្វើយ៉ាងណាអោយស្រាលខ្លួនដើម្បីស្រួលឡើង។ 

ដូចដែលដឹងហើយ នៅលើភ្នំអ្វីក៏គ្មានដែរ សូម្បីបន្ទប់ទឹក ដូច្នេះដំណើរផ្សងព្រេងមួយនេះ អ្នកត្រូវត្រៀមអោយបានស្រេចបាច់នូវឧបរករណ៍ខ្លះៗដូចជា៖

– ស្បែកជើងឡើងភ្នំ ៖ ព្រោះតែអ្នកត្រូវធ្វើដំណើរដោយថ្មើរជើង ហេតុដូចនេះហើយ ទើបស្បែកជើងជារបស់សំខាន់ជាងគេសម្រាប់ការធ្វើដំណើរមួយនេះ ប៉ុន្តែអ្នកត្រូវជ្រើសយកស្បែកជើងដែលជួយសំរួលដល់ការឡើងរបស់អ្នកផងដែរ។

– កាតាប ៖ ជំរើសដ៏ល្អបំផុតគឺកាតាបស្ពាយក្រោយដែលមានក្រវ៉ាត់ចង្កេះ។

ឈើច្រត់ ឬដើមឬស្សី ៖ វាអាចជួយទប់លំនឹងបាន។ 

– សម្លៀកបំពាក់ ៖ ត្រូវយកខោអាវណាដែលអាចអោយខ្យល់ចេញចូលបាន និងងាយស្អួត។ ប៉ុន្តែគួរត្រៀមអាវរងាមួយតាមខ្លួនផងដែរ។

– ពិល ៖ វាចាំបាច់ត្រូវប្រើ ព្រោះទីនោះគ្មានអគ្គិសនីទេ។

– ថ្នាំពេទ្យ (ថ្នាំក្រពះ ពោះវៀន បំបាត់គ្រុនក្តៅ និងថ្នាំរាគជាដើម)។

– Power Bank ៖ ខ្ញុំជឿថា វាជាអ្វីដែលអ្នកទាំងអស់គ្នាមិនភ្លេចដាច់ខាត។

បើធ្វើដំណើរក្នុងខែភ្លៀង អ្វីដែលត្រូវត្រៀមគឺអាវភ្លៀង និងគំរបគ្របកាតាបការពារការជ្រាបទឹក

សម្រាប់ការញ៉ាំ យេីងត្រូវត្រៀមរបស់ណាក្រៀមៗទុកបានយូរ ដូចជាសាច់ងៀត សាច់ក្រក និងអាហារកំប៉ុងដែលមានមី និងត្រីខ ហើយយើងក៏អាចយកនំប៉័ងខ្លះទៅញាំុផងដែរ។ ចំពោះអង្ករដាំបាយ យើងអាចទិញអ្នកភូមិដែលយកទៅលើភ្នំ។

ប្រសិនជាអ្នកដើរតាម Tour គេនឹងមានដំបូន្មានបន្ថែមលើការរៀបចំអាហារ។

៤. ការបោះតង់នៅលើភ្នំ

នៅលើភ្នំ អាចមានភ្លៀងធ្លាក់គ្រប់ពេល ដូច្នេះអាកាសធាតុគឺត្រជាក់ខ្លាំង អ្នកត្រូវត្រៀមអាវក្រាស់ ឬភួយក្រាស់ដើម្បីបន្ថែមភាពកក់ក្តៅ។ 

៥. ការបន្ទោរបង់

លើភ្នំគ្មានបង្គន់ទេ អ្នកគួរត្រៀមកូនចប ឬប៉ែល ដើម្បីងាយស្រួលជីកដីប្រើជំនួសបង្គន់។

(ប្រភពរូបភាព៖ royalcambodiaarmy)

នៅក្បែរភ្នំខ្នងផ្សា អ្នកអាចបន្តដំណើរកំសាន្តទៅក្បែរនេះ ដោយថ្មើរជើងប្រហែលជាជាង១ម៉ោងទៀតទៅកាន់ភ្នំសំពៅ។ ចំពោះស្ថានភាពផ្លូវមិនសូវជាពិបាកប៉ុន្មានទេ៕

from: https://tnaot.com/km/m/detail/article/9406840