ទម្រាំបាននាមថាជាបណ្ឌិតអ្នកប្រាជ្ញនោះ គឺលោកបានឆ្លងកាត់ការសិក្សាច្រើនណាស់គឺមានចំណេះទាំងផ្លូវលោក និងផ្លូវធម៌យ៉ាងទូលំទូលាយ ហេតុនេះអ្នកប្រាជ្ញទាំងឡាយបានធៀបចំណេះវិជ្ចាទៅនឹងចន្លុះសម្រាប់ឆ្លុះបង្ហាញផ្លូវនាំជីវិតទៅរកទីដ៏ភ្លឺស្វាង ។
នៅមង្គលសូត្រលោកបានពន្យល់ថា ការរៀនសូត្រច្រើនមិនមែនសំដៅតែរៀននៅក្នុងសាលានោះទេ គឺលោកសំដៅដល់អ្នកដែលបានស្តាប់ បានអាន គិត និងសរសេរទុក រួមនឹងការសិក្សាស្រាវជ្រាវរៀនសូត្រចំណេះវិជ្ជាទាំងផ្លូវលោកនិងផ្លូវធម៌ ស្តាប់ឱវាទរបស់បណ្ឌិតអ្នកប្រាជ្ញទាំងឡាយ និងដំបូន្មានរបស់ព្រឹទ្ធាចារ្យ មាតាបិតា គ្រូអាចារ្យ និងរៀមច្បងជាដើមផងទើបឈ្មោះថាជាអ្នករៀនច្រើន ។
ការខិតខំសិក្សារៀនសូត្រឱ្យបានចេះដឹងជ្រៅជ្រះនេះហើយជាផ្លូវនាំជីវិតឱ្យផុតអំពីភាពក្រខ្សត់ ទុក្ខលំបាកទាំងឡាយ ទៅកាន់ផ្លូវដ៏ភ្លឺស្វាងបាន ។ផ្តល់សិទ្ធដោយ៖កោះសន្តិភាព