បារាំង ៖ កីឡាករ Paul Pogba ត្រូវបានគ្រូបង្វឹកបារាំងលោក Didier Deschamps សម្រេចដកចេញពីបញ្ជីឈ្មោះក្រុមជម្រើសជាតិ បន្ទាប់ពីបានធ្វើតេស្តវិជ្ជមានកូវីដ ១៩។
ខ្សែបម្រើ Eduardo Camavinga របស់ក្រុម Rennes ត្រូវបានកោះហៅមកជំនួសខ្សែបម្រើពាក់លេខ៦ ខាងលើ នៅក្នុងបញ្ជីឈ្មោះក្រុមជម្រើសជាតិបារាំង ដើម្បីត្រៀមធ្វើការប្រកួតជាមួយស៊ុយអែតនៅថ្ងៃទី ៥ ខែកញ្ញា និងក្រូអាតនៅថ្ងៃទី ៨ ខែកញ្ញា ក្នុងពានរង្វាន់ UEFA Nations League។
ទោះយ៉ាងណា Pogba ដែលនឹងត្រូវផ្តាច់ខ្លួនចំនួន ១៤ថ្ងៃ ក៏នៅតែអាចមានសិទ្ធិទទួលការជ្រើសរើសសម្រាប់គ្រូបង្វឹក Ole Gunnar Solskjaer នៅការប្រកួតបើកឆាកក្របខណ្ឌ Premier League របស់ក្រុម Man United ជាមួយក្រុម Crystal Palace នៅ Old Trafford នាថ្ងៃទី ១៩ ខែកញ្ញាខាងមុខ។
លោក Didier Deschamps បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា «ខ្ញុំត្រូវតែធ្វើការផ្លាស់ប្តូរនៅនាទីចុងក្រោយពីព្រោះ Paul Pogba ក៏ស្ថិតនៅក្នុងបញ្ជីនេះផងដែរ ។ ប៉ុន្តែជាអកុសលគេបានធ្វើតេស្តវិជ្ជមានកូវីដ១៩កាលពីម្សិលមិញ ដូច្នេះគេត្រូវបានជំនួសដោយ Eduardo Camavinga»។
ដោយឡែកមិត្តរួមក្រុមរបស់ Pogba គឺខ្សែប្រយុទ្ធ Anthony Martial បានវិលត្រឡប់មកជួយក្រុមជម្រើសជាតិបារាំងវិញ ក្រោយខកខានចាប់តាំងពីឆ្នាំ ២០១៨ បន្ទាប់ពីរូបគេបានបង្ហាញទម្រង់ដ៏លេចធ្លោមួយរដូវកាលមុន ជាមួយក្រុម Man United៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព