រដ្ឋាភិបាលកម្ពុជាបានប្រកាសថា អ្នកទេសចរដែលចូលមកប្រទេសកម្ពុជានឹងត្រូវបង់ប្រាក់កក់ចំនួន ៣០០០ដុល្លារអាមេរិកសម្រាប់បង់ថ្លៃសេវាកម្មមេរោគកូវីដ-១៩នៅពេលមកដល់អាកាសយានដ្ឋាន និងត្រូវមានប្រាក់ធានារ៉ាប់រងចំពោះការធ្វើដំណើរផ្ទាល់ខ្លួនចំនួន ៥ម៉ឺនដុល្លារ ។
សារនេះត្រូវបានបង្ហោះនៅលើគណនី Twitter របស់ការិយាល័យនាយករដ្ឋមន្ត្រីចុះថ្ងៃទី១៦ ខែមិថុនាដែលអនុម័តដោយក្រសួងសុខាភិបាលនិងលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ នៅពេលមកដល់អាកាសយានដ្ឋានអ្នកដំណើរនឹងត្រូវបង់ថ្លៃ ៥ដុល្លារ សម្រាប់ការដឹកទៅមជ្ឈមណ្ឌលពិនិត្យសុខភាព បន្ទាប់មកពួកគេត្រូវចំណាយ ១០០ ដុល្លារទៀតសម្រាប់ការធ្វើតេស្តរកមេរោគកូវីដ-១៩ ។ ការស្នាក់នៅមួយយប់នៅក្នុងសណ្ឋាគារឬ“ មជ្ឈមណ្ឌលរង់ចាំលទ្ធផលតេស្ត” ត្រូវចំណាយ ៣០ដុល្លារ ហើយ ៣០ដុល្លារទៀតសម្រាប់ការចំណាយលើអាហារទាំងបីពេលក្នុងមួយថ្ងៃ។ការចំណាយផ្សេងទៀតមានដូចជា ១៥ ដុល្លារសម្រាប់ថ្លៃបោកគក់, ត្រូវបង់ ៥ដុល្លារ ជារៀងរាល់ថ្ងៃសម្រាប់ការតាមដានសុខភាព និង ៣ដុល្លារ សម្រាប់សេវាសន្តិសុខ។
ប្រាក់តម្កល់ដែលនៅសល់នឹងត្រូវប្រគល់ជូនវិញប្រសិនបើអ្នកដំណើរនិងមនុស្សផ្សេងទៀតដែលនៅលើយន្ដហោះមានលទ្ធផលតេស្តអវិជ្ជមាន។ ទោះជាយ៉ាងណាក៏ដោយ ពួកគេនឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ក្រោយពីមកដល់កន្លែងស្នាក់នៅ។ អ្នកទេសចរត្រូវធ្វើតេស្តសុខភាពម្តងទៀតក្នុងអំឡុងពេលស្នាក់នៅដល់ថ្ងៃទី១៣ នៃការដាក់ឱ្យនៅដាច់ដោយឡែក។ ពួកគេត្រូវចំណាយ ៣០ដុល្លារសម្រាប់លិខិតបញ្ជាក់សុខភាព។ អាជ្ញាធរបាននិយាយថាការកក់ប្រាក់នេះត្រូវអនុវត្តចំពោះអ្នកដំណើរទាំងអស់លើកលែងតែអ្នកការទូតឬផ្លូវកិច្ចការរបស់រដ្ឋាភិបាល។
ប្រសិនបើមានអ្នកធ្វើដំណើរម្នាក់បានធ្វើតេស្តវិជ្ជមាននិងបង្ហាញរោគសញ្ញាដែលត្រូវការការព្យាបាលនៅមន្ទីរពេទ្យនោះគេនឹងត្រូវបញ្ជូនទៅមន្ទីរពេទ្យរដ្ឋ។ ដំណើរការធ្វើតេស្តមានរហូតដល់៤ដង ពួកគេត្រូវចំណាយ ១០០ដុល្លារចំពោះការធ្វើតេស្តម្តង។ ប្រសិនបើអ្នកទេសចរត្រូវស្លាប់ នោះពិធីបុណ្យសពនឹងត្រូវចំណាយប្រាក់ ១៥០០ដុល្លារ។ រាល់ការចំណាយទាំងអស់នេះនឹងត្រូវកាត់ចេញពីប្រាក់ដែលបានកក់ចំនួន ៣០០០ ដុល្លារ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post