លោក Pep Guardiola បានបញ្ជាក់ថា ខ្សែបម្រើ Leroy Sane នឹងចាកចេញពីក្លិប Manchester City នៅរដូវក្តៅនេះ បន្ទាប់ពីរូបគេបដិសេធមិនព្រមចុះកុងត្រាថ្មីជាមួយក្លិប។
អ្នកចាត់ការទូទៅក្លិបដែលមានរហស្សនាមថា មេឃខៀវ រូបនេះ បានប្រាប់សន្និសីទសារព័ត៌មានមួយនៅថ្ងៃសុក្រ សប្តាហ៍នេះថា “Leroy មិនចង់បន្តកិច្ចសន្យានៅទីនេះទៀតទេ មានន័យថាគាត់ចង់ចាកចេញនៅរដូវក្តៅនេះ។ ក្លិបធ្លាប់ប្រាប់ខ្ញុំឱ្យទៅនិយាយជាមួយគាត់ពីរបីដងរួចមកហើយ ដើម្បីឱ្យគាត់បន្តកុងត្រាថ្មី ប៉ុន្តែគាត់បានបដិសេធសំណើរបស់ពួកយើង ហើយចង់លេងនៅក្លិបថ្មីមួយទៀត”។
យ៉ាងណាមិញ បើតាមសារព័ត៌មានល្បីៗជាច្រើនបានឱ្យដឹងថា កីឡាករអន្តរជាតិអាល្លឺម៉ងវ័យ២៤ឆ្នាំរូបនេះ ប្រហែលអាចនឹងផ្លាស់ទៅចូលរួមជាមួយក្លិប Bayern Munich នៅរដូវកាលក្រោយ។
គួរឱ្យដឹងដែរថា Man City បានចំណាយប្រាក់ប្រមាណ ៣៧លានផោន ដើម្បីចុះហត្ថលេខាយក Sane ពីក្លិប Schalke កាលពីខែសីហា ឆ្នាំ២០១៦។ ចាប់តាំងពីផ្លាស់មក រូបគេបានជួយឱ្យក្លិបឈ្នះជើងឯក Premier League ២ដង EFL Cups ២ដង និង FA Cup ១ដង ក្រោមការដឹកនាំរបស់លោក Guardiola។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore