លោកមហាសេដ្ឋី ប៊ីល ហ្គេតស៍ (Bill Gates) ដែលជាសហស្ថាបនិករបស់ក្រុមហ៊ុន Microsoft ជាបុរសដែលមានទ្រព្យសម្បត្តិច្រើនជាងគេលេខពីរលើលោក ព្រមទាំងជាអ្នកដឹកនាំដ៏ល្បីឈ្មោះក្នុងវិស័យបច្ចេកវិទ្យាផងដែរ ។
ប៉ុន្តែលោក ហ្គេតស៍ បានបង្ហាញប្រាប់ក្នុងបទសម្ភាសន៍មួយក្នុងពេលថ្មីៗថា លោកធ្លាប់ច្រណែននឹងលោកមហាសេដ្ឋី ស្ទីវ ចបស៍ (Steve Jobs) ដែលជាមិត្ត និងដៃគូប្រកួតប្រជែងមួយគ្មានពីររបស់លោកហ្គេតស៍ ព្រោះតែភាពទាក់ទាញរបស់លោក ចបស៍ ។
លោក ហ្គេតស៍ បានប្រាប់មកទៀតថា លោកចបស៍ជាមនុស្សដ៏ឆ្លាតវៃ និងជាមនុស្សដែលមានភាពជាអ្នកដឹកនាំពីធម្មជាតិ ហើយលោក ហ្គេតស៍ ចង់មានគុណសម្បត្តិទាំងនោះដែរ ។ លោកបានបកស្រាយក្នុងបទសម្ភាសន៍ថា លោកជាមនុស្សដែលប៉ិនប្រសប់ផ្នែកជំរុញទឹកចិត្តមនុស្ស ខ្ញុំក៏ជាមនុស្សដែលប៉ិនប្រសប់ខ្លះដែរដូច្នេះខ្ញុំមិនធ្លាក់ក្នុងអន្ទាក់របស់លោកឡើយ ប៉ុន្តែខ្ញុំអាចមើលឃើញពេលដែលលោកប្រើសមត្ថភាពមួយនេះ ហើយខ្ញុំមើលទៅមនុស្សដែលជាប់អន្ទាក់របស់លោក ។ «ខ្ញុំធ្លាប់ច្រណែននឹងចំណុចនេះ» ។
លើសពីនេះទៅទៀត លោក ហ្គេតស៍ បានកោតសរសើរនឹងលោក ចបស៍ ដែលអាចត្រលប់ទៅកាន់ Apple វិញក្នុងឆ្នាំ ១៩៩៧ និងបានផ្លាស់ប្តូរក្រុមហ៊ុន ព្រមទាំងចេញលក់នូវផលិតផលដែលពេញនិយមជាច្រើនដូចជា iMac, iPod និង iPhone ជាដើម ។
លោកបានប្រាប់មកថា Apple មិនអាចមានថ្ងៃនេះបានឡើយប្រសិនបើមិនមានលោក ចបស៍ ព្រោះមុនពេលលោក ចបស៍ ត្រលប់ទៅ Apple វិញ Apple ជិតដួលរលំទៅហើយ ។
លោកបានបន្ថែមថា មិនមាននរណាម្នាក់អាចធ្វើដូចលោកបានទេនៅទីនោះ ។ ខ្ញុំមិនអាចធ្វើបានឡើយ ហើយខ្ញុំក៏មិនស្គាល់នរណាដែលអាចធ្វើបានដូចលោកដែរ ។ លោក ហ្គេតស៍ បានចែករំលែកក្នុងបទសម្ភាសន៍ខាងលើទៀតថា លោកតែងតែមើលឃើញចំណុចខ្វះខាតធំមួយរបស់លោក គឺការដែលលោកមិនមានសមត្ថភាពក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្ស ។ លោកហ្គេតស៍ចង់បានសមត្ថភាពរបស់លោកចបស៍ក្នុងការដាក់មន្តអាគមលើអ្នកស្តាប់ដើម្បីអាចជំរុញឲ្យមនុស្សកាន់តែច្រើនគាំទ្រកិច្ចការដែលលោកកំពុងធ្វើនៅមូលនិធិសប្បុរសធម៌របស់លោក ដូចជាការដោះស្រាយបញ្ហាជុំវិញពិភពលោកដែលមានដូចជាភាពក្រីក្រ និងការទប់ស្កាត់ជំងឺជាដើម ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព