កម្លាំងទាហានអ៊ីរ៉ង់ បានសាកល្បងមីស៊ីលប្រឆាំងនាវាចម្បាំងថ្មី ដែលអាចបាញ់បានដល់ទៅ២៨០គីឡូម៉ែត្រ។ ការបាញ់សាកល្បងធ្វើឡើង ក្នុងពេលកម្លាំងទាហានជើងទឹកប្រទេសនេះ ធ្វើសមយុទ្ធទ្រង់ទ្រាយធំ ។
សារព័ត៌មាន RT សមយុទ្ធបានធ្វើឡើងនៅដែនសមុទ្រអូម៉ង់ ។ ឃ្លីបវីដេអូ បានបង្ហាញឲ្យឃើញថា មីស៊ីលប្រឆាំងនាវាចម្បាំង បានបាញ់ចេញពីជើងទម្រ នៅលើដីគោក។ មីស៊ីលនោះ បានបាញ់ចំគោលដៅ ជានាវាចាស់នៅកណ្តាលសមុទ្រ មានចម្ងាយដល់ទៅ២៨០គីឡូម៉ែត្រ។
ការបាញ់សាកល្បងមីស៊ីលខាងលើរបស់អ៊ីរ៉ង់ ជាសញ្ញាបង្ហាញឲ្យឃើញថា អ៊ីរ៉ង់មានការវិវឌ្ឍយ៉ាងខ្លាំង ក្នុងវិស័យផលិតអាវុធការពារជាតិ។ លោក Habibollah Sayyari មេទ័ពជើងទឹកអ៊ីរ៉ង់ បានបញ្ជាក់ថា មីស៊ីលខាងលើ គឺជាក្តីសង្ឃឹមសម្រាប់កម្លាំងទាហានអ៊ីរ៉ង់ ទប់ស្កាត់រាល់ការគំរាមកំហែងរបស់សត្រូវ។
ការសាកល្បងមីស៊ីលខាងលើ បានធ្វើឡើង ក្រោយឧបទ្ទវហេតុបាញ់មីស៊ីលខុសបច្ចេកទេស បណ្តាលឲ្យទាហាន អ៊ីរ៉ង់២០នាក់ស្លាប់និងរបួស៕ ប្រែសម្រួលដោយ៖ MEO