សារព័ត៌មាន AFP បានដកស្រង់សម្ដីអ្នកនាំពាក្យកម្លាំងប៉ូលិស បានបញ្ជាក់ថា មានករណីបំផ្ទុះគ្រាប់បែក នៅក្នុងសាលារៀនសាសនាមួយ នៅភាគខាងជើង អាហ្វហ្គានីស្ថាន បណ្តាលឲ្យសិស្ស៩នាក់ស្លាប់ និងរបួសជាច្រើន។
ក្នុងចំណោមជនរងគ្រោះទាំងនោះ ជាសិស្សមានអាយុក្រោម១៨ឆ្នាំទាំងអស់ និងមានសិស្ស៦នាក់ផ្សេងទៀតរងរបួស។ ហេតុការណ៍ខាងលើនេះបានកើតឡើង នៅក្នុងសាលារៀនមួយ ស្ថិតក្នុងស្រុក Ishkamish ខេត្តTakhar។
ហេតុការណ៍បំផ្ទុះគ្រាប់បែកខាងលើនេះ បានកើតឡើង ក្រោយពេលមានករណីបំផ្ទុះពីរលើកផ្សេងទៀត នៅក្នុងព្រះវិហារ ស្ថិតក្នុងទីក្រុងកាប៊ុល នៅខែមិថុនានេះ។ បើតាមសារព័ត៌មាន AFP អំពើហិង្សាបានកើតឡើងជាបន្តបន្ទាប់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ខណ:រដ្ឋាភិបាល និងក្រុមតាលីបង់ ត្រៀមតភ្ជាប់កិច្ចពិភាក្សា បញ្ចប់អំពើហិង្សាដែលអូសបន្លាយ អស់រយៈពេលជិត២ទសវត្សរ៍តកន្លងមក។
អ្នកនាំពាក្យក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន លោក Tareq Arian បានឲ្យដឹងថា ក្នុងរយៈពេល១សប្តាហ៍កន្លងមក ក្រុមតាលីបង់បានវាយប្រហារ រហូតដល់២២២លើក ទៅលើទីតាំងនានារបស់កម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន បណ្តាលឲ្យមានអ្នកស្លាប់ចំនួន៤២២នាក់៕ ប្រែសម្រួលដោយ៖ MEO