ពាក្យពេចន៍ជាច្រើនដែលអ្នកនិយាយប្រាប់ខ្លួនឯង គឺជាការគិតខុស ហើយមនុស្សជាច្រើនធ្លាក់ខ្លួនជឿជាក់គំនិតមិនល្អទាំងនេះអស់រយៈពេលជាច្រើនឆ្នាំ ។ ការរៀនសូត្រក្នុងការរកការកុហកទាំងនេះ និងផ្លាស់ប្តូរវាជាមួយគំនិតដែលល្អៗសម្រាប់អ្នក គឺជាជំហានសំខាន់ក្នុងការពង្រឹងសុខភាពស្មារតីរបស់អ្នក ដែលជាកត្តាសំខាន់សម្រាប់មនុស្សដែលចង់ជោគជ័យ និងរកលុយបានច្រើន ។
តើអ្នកចង់ឲ្យខួរក្បាលរបស់អ្នកធ្វើជាធនធានដ៏ល្អបំផុតដែលអ្នកមាន និងអាចប្រើប្រាស់ ឬឲ្យវាធ្វើជាសត្រូវធំជាងគេរបស់អ្នកវិញ? ខាងក្រោមនេះ គឺជាការកុហកធំៗដែលអ្នកគួរតែឈប់និយាយប្រាប់ខ្លួនឯងប្រសិនបើអ្នកចង់ជោគជ័យ និងរកលុយបានកាន់តែច្រើន ៖
១. ខ្ញុំមិនល្អគ្រប់គ្រាន់ទេ
នរណៗក៏ធ្លាប់មានពេលវេលាដែលជឿនូវគំនិតនេះដែរ ។ មិនថាអ្នកគិតថាអ្នកមិនឆ្លាតវៃគ្រប់គ្រាន់ ស្អាតគ្រប់គ្រាន់ ឬមានមហិច្ចតាគ្រប់គ្រាន់ទេ ការធ្វើដូច្នេះអាចប៉ះពាល់ដល់ការឲ្យតម្លៃខ្លួន និងលទ្ធផលការងាររបស់ខ្លួនផងដែរ ។
ប្រសិនបើអ្នកប្រាប់ខ្លួនឯងថា អ្នកមិនល្អគ្រប់គ្រាន់តេនោះ អ្នកប្រហែលជាមិនសាកល្បងក្នុងការធ្វើអ្វីមួយនោះឡើយ ។ អ្នកនឹងមិនព្យាយាមយកចិត្តទុកដាក់ធ្វើការដើម្បីទទួលបានជីវិតក្នុងក្តីសុបិនរបស់អ្នកឡើយ ។
២. អ្នកដទៃជាន់ពន្លិចខ្ញុំ
អ្នកដទៃអាចនឹងប្រាប់អ្នកបានថាអ្នកគ្មានថ្ងៃជោគជ័យទេ ។ ពួកគេប្រហែលជាមិនជ្រើសរើសអ្នកសម្រាប់ការឡើងឋានៈទេ ។ ហើយពួកគេថែមទាំងអាចធ្វើជាឧបសគ្គសម្រាប់ការសម្រេចក្តីសុបិនរបស់អ្នកថែមទៀត ។ប៉ុន្តែការនិយាយពាក្យពេចន៍ខាងលើនេះប្រាប់ខ្លួនឯងនឹងទប់ស្កាត់អ្នកមិនឲ្យសម្រេចគោលដៅទៅវិញប្រសិនបើអ្នកគិតថា អ្នកមិនអាចជឿទុកចិត្តនរណាម្នាក់បានទេ និងគិតថាមនុស្សម្នាក់ៗមានចិត្តមិនល្អ នោះអ្នកនឹងមិនអាចបង្កើតបាននូវក្រុមមួយដែលអ្នកត្រូវការដើម្បីជោគជ័យក្នុងការងារ ឬអាជីវកម្មឡើយ ។
៣. ខ្ញុំខុសពីអ្នកដទៃពេក
អ្នកមិនអាចសម្រេចបានច្រើនទេប្រសិនបើអ្នកចំណាយកម្លាំងទាំងអស់របស់អ្នកក្នុងការព្យាយាមសម្របខ្លួនទៅតាមអ្នកដទៃ ។ ការបង្ហាញភាពលេចធ្លោរបស់ខ្លួនអាចផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់អ្នក ។
ជាក់ស្តែង មិនមានមនុស្សពីរនាក់ណាដែលដូចគ្នាទាំងស្រុងទេ ប៉ុន្តែប្រសិនបើអ្នកគិតថាអ្នកមានលក្ខណៈខុសគ្នាច្រើនពីអ្នកដទៃក្នុងវិស័យរបស់អ្នក អ្នកគួរតែចាត់ទុកវាជាចំណុចខ្លាំងរបស់អ្នកវិញ ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព