
រាជធានីភ្នំពេញ ៖ មុននេះ ផ្ទុះឡើងនូវព័ត៌មានថា តារាចម្រៀង ខេមរៈ សិរីមន្ត អាចនឹងដូរពីហង្សមាសឆ្ពោះទៅកាន់ផលិតកម្មថ្មីរបស់លោក ឡេង ណាវ៉ាត្រា ជាទីដែលលោកព្រាប សុវត្ថិ កំពុងជាប់ឈ្មោះជាតារាថ្មីថ្មោង ។ មានការលើកឡើងថា សិរីមន្ត មិនយូរទេ អាចនឹងមកតាមព្រាប សុវត្ថិ ដើម្បីរួមគ្នាសាងស្នាដៃ និងកសាងមុខជំនួញដែលមាននៅទីនោះស្រាប់។
ស្របពេលដែលគេផ្អើលរឿងលោក ព្រាប សុវត្ថិ ចោលទ្រនំចាស់ ហើយលេចដំណឹងថា ចូលផលិតកម្មថ្មី គេស្រាប់តែសង្ស័យថា លោក ខេមរៈ សិរីមន្ត អាចគេសេរេចេញដែរ។ យ៉ាងណា មិនទាន់មានតម្រុយបែបណាឡើយ គ្រាន់តែគេដឹងថា លោកមន្ត និងថៅកែផលិតកម្មនោះស្និតគ្នាទាំងមិត្តភាព និងមុខជំនួញ។
លោក សិរីមន្ត និងលោក ឡេង ណាវ៉ាត្រា ឃើញថា មានឬសគល់ស្និតគ្នាមិនចាញ់លោកព្រាប សុវត្ថិ ប៉ុន្មានឡើយ។ អ្នកទាំង២ មានហ៊ុនដីជាមួយគ្នា បានចាប់ដៃចងក្រងចម្រៀង ក្នុងផលិតកម្មរឹតតែមូលមិនបាច់ហត់ទៅណា។
ស្របពេលថ្មីៗនេះ ឧស្សាហ៍ឃើញលោកសិរីមន្ត នៅក្បែរកៀកជាមួយលោក ណាវ៉ាត្រាថតរូបបង្ហោះក្នុងពេលផ្ទុះរឿងព្រាប សុវត្ថិ ដូរទីតាំងដែរនោះ។ ក្នុងផលិតកម្មថ្មីមក ក្រោយគេតែប្រកបដោយធនធានល្អធ្វើអោយលោក សុវត្ថិ គិតភ្លាម ឯមហាជនខ្លះគិតថា សិរីមន្តទំនងនៅកន្លែងចាស់មិនយូរទេ នឹងដូរដែរ។ ខណៈបទចម្រៀងក្នុងផលិតកម្មធំ ហាក់ដូចជាស្ងាត់មិនសូវផ្ទុះ បានការងារតែផ្នែកគណៈកម្មាការបង្ហាញគេឯង។
យ៉ាងណា ការដូរជំហរ ឬមិនប្តូរ ត្រូវបានលោក ខេមរៈ សិរីមន្ត លាងជម្រះធ្វើការបកស្រាយថា បច្ចុប្បន្នលោកជាតារាពេញសិទ្ឋិនៅរស្មីហង្សមាស និងហង្សមាស នៅឡើយ។ ចំណែករឿងដែលគេកំពុងលើកឡើងដូរផលិតកម្ម ដូចជាអត់មានបំណងនោះទេ ។ នេះជាសន្និដ្ឋានរបស់គេប៉ុណ្ណោះ សភាពពិតលោកនៅបំពេញការងារស្ថាប័នចាស់ដដែល។ រវាងលោក និងថៅកែផលិតកម្មជួបគ្នាកន្លងមក និយាយការងារជំនួញ មិនបាននិយាយកុងត្រា ផលិតមកម្ម នោះទេ។ រឿងអនាគតបែបណា សូមកុំទាន់និយាយ រង់ចាំមើលសិន ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព