លោកស្រី ឱ វ៉ាន់ឌីន លើកចំណុចខ្លាំងរបស់កម្ពុជាមួយចំនួន បញ្ជាក់នៅក្នុងកិច្ចប្រជុំកំពូលជាមួយ WHO
កាលល្ងាចពីថ្ងៃព្រហស្បត្តិម្សិលមិញនេះ លោកស្រី ឱ វ៉ាន់ឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានជំនួសមុខឲ្យរដ្ឋាភិបាលកម្ពុជា ចូលរួមក្នុងកិច្ចកំពូលមួយរៀបចំដោយអង្គការសហប្រជាជាតិ ដោយផ្តោតទៅលើស្ថានភាពរាតត្បាតជំងឺកូវីដ ១៩ នៃបណ្តាប្រទេសសរុប ១២០ ដែលចូលរួម។
តំណាងឲ្យប្រទេសកម្ពុជា ក្នុងកិច្ចប្រជុំកំពូលតាមអនឡាញ លោកស្រី ឱ វ៉ាន់ឌីន ក៏បានធ្វើបទបង្ហាញពីស្ថានភាពកូវីដ ១៩ នៅកម្ពុជាទៅកាន់លោកវេជ្ជបណ្ឌិត តេដ្រូស ប្រធាន WHO និងតំណាងប្រទេសទាំង ១១៩ផ្សេងទៀត ក្នុងនោះលោកស្រីបានលើកពីចំណុចសំខាន់ៗពាក់ព័ន្ធស្ថានភាពរាតត្បាតកូវីដនៅកម្ពុជា មានដូចជា ភាគច្រើននៃករណីកូវីដ ជាការនាំចូលហើយមានការចម្លងបន្តរប៉េះរប៉ោះ មិនទាន់ចូលដល់ដំណាក់កាល នៃការចម្លងចូលសហគមន៌ ដោយគិតត្រឹមថ្ងៃទី១៨ មិថុនា កម្ពុជា មានអ្នកឆ្លងសរុប ១២៩ករណី មិនមានអ្នកស្លាប់ ព្យាបាលជាចំនួន ១២៦នាក់ និងស្ថិតនៅកំពុងព្យាបាលចំនួន ៣នាក់។
ដោយឡែក ផ្អែកលើផែនការទប់ស្កាត់ លោកស្រី ឱ វ៉ាន់ឌីន ក៏បានធ្វើបទបង្ហាញយ៉ាងពិស្តារពាក់ព័ន្ធ និងវិធីសាស្ត្ររបស់រដ្ឋាភិបាលកម្ពុជា ដោយផ្អែកលើកត្តា ៤សំខាន់ៗ ក្នុងការចូលរួមទូទាំងប្រទេសរាប់បញ្ចូលទាំងការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងការចូលរួមពីស្ថាប័ន ក្រសួងនានា អាជ្ញាថ្នាក់ក្រោមជាតិ វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលនេះជាជម្រើសដ៏ត្រឹមត្រូវ ហៅថា “រដ្ឋាភិបាលទាំងមូល សង្គមទាំងមូល” របស់សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ ១៩។
មួយទៀត គឺការឆ្លើយតបបន្ទាន់ពីក្រុមគ្រូពេទ្យចល័ត (RRT) ដែលធ្វើការយ៉ាងសកម្មដើម្បីស្វែងរកករណីឆ្លង និងសង្ស័យ ក៏ដូចជាអ្នកប៉ះពាល់ជាមួយអ្នករកឃើញផ្ទុកកូវីដ ១៩ ជាដើម។
លើសពីនេះ កម្ពុជាក៏បានបង្កើតប្រព័ន្ធឃោសនាសព្ទ ផ្សព្វផ្សាយ និងចែកចាយព័ត៌មានតាមរយ:ប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម ទូរទស្សន៌ សន្និសីទសារព័ត៌មាន ជាប់ជាប្រចាំ ព្រមទាំងបោះពុម្ភចែកចាយសារអប់រំសុខភាពទូទាំងប្រទេស ដើម្បីជាសារក្រើនរំលឹកដល់ពលរដ្ឋឲ្យចេះការពារខ្លួនពីមេរោគកូវីដ ១៩។
ជាចំណុចខ្លាំងទៀត ដែលអ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ លើកឡើងទៅកាន់អង្គប្រជុំអន្តរជាតិ រៀបចំដោយ WHO គឺជាការសាមគ្គី និងកិច្ចសហប្រតិបត្តិការអន្តរជាតិជាសាកល ដោយសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ប្រកាន់យកជាពិសេសនូវកិច្ចការមនុស្សធម៌ ជាក់ស្តែងការសម្រេចចិត្តឲ្យនាវា MS Westerdam ផ្ទុកអ្នកដំណើររាប់ពាន់នាក់ ចូលសំចតនៅកម្ពុជា នៅពេលជិតអស់ស្បៀងអាហារ ជិតអស់ប្រេង និងកង្វះតម្រូវការផ្សេងៗ ដែលត្រូវពិភពលោកមើលឃើញថា ជា “បេះដូងមនុស្សធ៌ម សង្គ្រោះអាយុជីវិតមនុស្ស” ដោយមិនប្រកាន់ពូជសាសន៌ ព័ណសម្បុរ វណ្ណ: ឫសាសនា អ្វីទាំងអស់។
ជាមួយគ្នានេះ នៅមានកិច្ចសហការបច្ចេកទេសដោយតម្លាភាព ជាមួយអង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺឆ្លងសហរដ្ឋអាមេរិក វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងអង្គការដៃគូផ្សេងៗទៀត បានអនុញ្ញាតឲ្យចូលរួមក្នុងការតាមដាន រុករក និងឆ្លើយតបបន្ទាន់ផងដែរ។
ទោះជាយ៉ាងណា ដោយមិនភ្លេចវីរុសកូវីដ-១៩ កម្ពុជានៅតែបន្តកិច្ចការពាររលកទីពីរយ៉ាងយកចិត្តទុកដាក់ ត្រៀមលក្ខណ:សម្រាប់អនាគត ការពារការចម្លងជំងឺនេះ ប្រកាន់យកការប្រុងប្រយ័ត្នជានិច្ចចំពោះការចម្លងក្នុងសហគមន៌៕ ដោយ៖ ត្នោត