ទីក្រុងម៉ានីល ៖ មេបញ្ជាការកងទ័ពហ្វីលីពីន បាននិយាយនៅល្ងាចថ្ងៃពុធ ទី២៦ ខែសីហានេះថា ក្រុមអ្នកវាយប្រហារអត្តឃាត ចំនួនពីរនាក់ គឺជាស្ត្រីមេម៉ាយ ដែលបានបំផ្ទុះគ្រាប់បែក ចំនួនពីរដង នៅភាគខាងត្បូងប្រទេសហ្វីលីពីន ស្ត្រីទាំង២ ស្ថិតនៅក្នុងក្រុមសកម្មប្រយុទ្ធអាប៊ូសាយយ៉ាហ្វ ដែលមានទំនាក់ទំនងជាមួយរដ្ឋអ៊ីស្លាម ។ នៅក្នុងការវាយប្រហារនេះ ស្ត្រីទាំងពីរបានបំផ្ទុះខ្លួន ធ្វើអោយមនុស្សយ៉ាងហោចណាស់ ១៤នាក់ត្រូវបានសម្លាប់ និង៧៥នាក់ផ្សេងទៀតបានរងរបួស ក្នុងចំណោមអ្នករងរបួសមានកងកម្លាំងរបស់រដ្ឋាភិបាល និងជនស៊ីវិល ។
មេបញ្ជាការកងទ័ព លោកឧត្តមសេនីយ៍ឯក Cirilito Sobejana បានកំណត់អត្តសញ្ញាណអ្នកបំផ្ទុះគ្រាប់បែកទាំង២ ជាស្ត្រី មានឈ្មោះ Nanah និង Inda Nay ។ នៅក្នុងសារជាអក្សរ ទៅកាន់អ្នកសារព័ត៌មាន លោកឧត្តមសេនីយ៍ឯក Sobejana បាននិយាយថា ស្ត្រីឈ្មោះ Nanah គឺជាភរិយារបស់សពជនសកម្មប្រយុទ្ធម្នាក់ឈ្មោះ Norman Lasuca ដែលគេចាត់ទុកថា ជាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតដំបូងគេ នៅប្រទេសហ្វីលីពីន ។ សពលោក Lasuca និងអ្នកវាយប្រហារម្នាក់ទៀត បានបំផ្ទុះខ្លួនឯង នៅខាងក្រៅជំរុំយោធាJolo ក្នុងខែមិថុនា ឆ្នាំ២០១៩ ដោយបានសម្លាប់ទាហាន និងជនស៊ីវិលជាច្រើននាក់ ។
Inda Nay គឺជាភរិយារបស់ជនសកម្មប្រយុទ្ធ Talha Jumsah ដែលត្រូវបានគេស្គាល់ផងដែរថា លោកដើរតួជាអ្នកទំនាក់ទំនងរវាង ក្រុមអាប៊ូសាយយ៉ាហ្វ និងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ។ គាត់ត្រូវបានគេសម្លាប់ នៅក្នុងខែវិច្ឆិកា នៅក្នុងការបាញ់ប្រហារ ជាមួយកងកម្លាំងសន្តិសុខ នៅជំរុំយោធា Jolo ។ ក្រុមស៊ើបអង្គេតកំពុងពិនិត្យមើលថា តើស្ត្រី Nanah ជាជនជាតិឥណ្ឌូនេស៊ី ឫមិនមែន ?
អង្គការភេរវករអាប៊ូសាយយ៉ាហ្វ ជាបណ្តាញក្រុមសកម្មប្រយុទ្ធ ដែលសហរដ្ឋអាមេរិកបានចុះបញ្ជីថា ជាអង្គការភេរវកម្មមួយ ធ្លាប់បានវាយប្រហារដ៏អាក្រក់នៅហ្វីលីពីន ក៏ដូចជាការចាប់ជំរិតភ្ញៀវទេសចរបរទេស និងអ្នកផ្សព្វផ្សាយសាសនាគ្រិស្ត ។
នៅខែមករា ឆ្នាំ២០១៩ អ្នកបំផ្ទុះគ្រាប់បែកអត្តឃាត ២នាក់ បានបំផ្ទុះខ្លួនឯង នៅក្បែរវិហារកាតូលិកមួយ ដែលបានសម្លាប់មនុស្ស ២១នាក់ ។ការវាយប្រហារអត្តឃាត គឺកម្រមានណាស់ នៅប្រទេសហ្វីលីពីន ប៉ុន្តែចាប់តាំងពីខែកក្កដា ឆ្នាំ២០១៨ មកកើតមានចំនួន៥លើក រួមទាំងការផ្ទុះចុងក្រោយបង្អស់នេះ ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព