នេះជាលើកទី១ក្នុងអាជីពរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo ដែលរូបគេបានបរាជ័យនៅការប្រកួតវគ្គផ្តាច់ព្រ័ត្រ២ដងជាប់គ្នានៅពេលលេងឱ្យក្លិប Juventus ។
ក្រុម Juventus ធ្លាប់ចាញ់ក្រោមថ្វីជើងក្រុម Lazio ក្នុងលទ្ធផល ៣-១ នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Supercoppa Italiana កាលពីខែធ្នូ ឆ្នាំ២០១៩ ក្នុងទីក្រុងរីយ៉ា នៅប្រទេសអារ៉ាប់ប៊ីសាអូឌីត ហើយបានធ្វើឱ្យ Ronaldo បរាជ័យជាលើកទី១ ដែលមិនអាចជួយឱ្យក្លិបឈ្នះពានបាន។ រីឯលើកទី២ នៅពេលក្រុម Juventus ចាញ់ក្រោមថ្វីជើងក្រុម Napoli នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Coppa Italia ដោយបាល់ប៉េណាល់ទី (Penalty) ក្នុងលទ្ធ ៤-២ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។
នៅយប់មិញនេះ កីឡាករ Ronaldo ត្រូវបានលោក Sarri ដាក់ឱ្យទាត់បាល់ប៉េណាល់ទីនៅលេខរៀងទី៥ ប៉ុន្តែរូបគេមិនបានទាត់នោះទេ ដោយសារពីរគ្រាប់ដំបូងពីសំណាក់កីឡាករ Dybala និង Danilo ត្រូវបានជួយសង្គ្រោះដោយអ្នកចាំទី Alex Meret បន្ទាប់មកសមាជិករបស់ក្រុម Napoli បានទាត់បញ្ចូលទីទាំង៤គ្រាប់តែម្តង ហើយធ្វើឱ្យខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះ ខកខានជួយឱ្យក្លិបឈ្នះពាននៅវគ្គផ្តាច់ព្រ័ត្រសារជាថ្មី។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ football-italia