មនុស្សភាគច្រើនមិនអាចធ្វើការបានដោយមានប្រសិទ្ធភាពឡើយប្រសិនបើមិនមានការតាមដាននិងវាយតម្លៃពីស្ថាប័នការងាររបស់ខ្លួន។ ប៉ុន្តែសម្រាប់អាជីវករ អ្នកប្រហែលជាមិនមាននរណាម្នាក់ចាំតាមដានមើលលទ្ធផលការងារ និងដាស់តឿនពេលដែលប្រព្រឹត្តខុសឡើយ។ ដូច្នេះតើអាជីវករអាចធ្វើយ៉ាងណាខ្លះដើម្បីតាមដានការងាររបស់ខ្លួន?
១. កំណត់ពេលវេលាសម្រាប់តាមដានខ្លួនឯង
ប្រសិនបើអ្នកមិនមាននរណាចាំជួយមើលការងាររបស់អ្នកទេ អ្នកត្រូវតែតាមដានខ្លួនឯង។ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងកាត់បន្ថយអារម្មណ៍ស្ត្រេស អ្នកគួរតែកត់ត្រាទុកនូវកិច្ចការដែលអ្នកកំពុងតែធ្វើ និងកិច្ចការដែលអ្នកនឹងធ្វើ។
អ្នកអាចកំណត់គោលដៅប្រចាំសប្តាហ៍ផងដែរ និងឧស្សាហ៍ពិនិត្យមើលថាអ្នកពិតជាបានសម្រេចគោលដៅទាំងនោះតាមពេលកំណត់ដែរទេ។ មូលហេតុគឺប្រសិនបើអ្នកមិនមើលទៅលទ្ធផលការងាររបស់អ្នកសាជាថ្មីទេ អ្នកមិនអាចមើលឃើញបញ្ហាដែលអ្នកប្រព្រឹត្តបានឡើយ។
២. រកដៃគូចាំជួយមើល
ប្រសិនបើអ្នកមិនចូលចិត្តការកត់ត្រាទុក និងកំណត់គោលដៅសម្រាប់ខ្លួនឯងទេ អ្នកអាចពិចារណាសហការជាមួយនឹងមិត្តភក្តិ មិត្តរួមការងារ ឬបងប្អូនរបស់អ្នកបាន។ ពួកគេនឹងជួយតាមដានមើលកិច្ចការរបស់អ្នក និងជួយផ្តល់ជាការដាស់តឿនដល់អ្នក។
អ្នកគួរតែជ្រើសរើសមនុស្សដែលអ្នកជឿជាក់ គោរព និងស្និទ្ធស្នាលជាមួយ ព្រមទាំងនិយាយប្រាប់ពួកគេពីគោលដៅ និងឧបសគ្គដែលអ្នកអាចជួបប្រទះ។
៣. ចែករំលែកឲ្យអ្នកដទៃដឹង
វាគួរឲ្យធុញទ្រាន់ណាស់ពេលដែលអ្នកមើលឃើញមិត្តភក្តិរបស់អ្នកចែករំលែក ឬអួតអាងនូវការសម្រេចផ្សេងៗក្នុងមួយថ្ងៃរបស់ពួកគេ។ ប៉ុន្តែវាមិនត្រឹមតែជាការអួតអាងទេ។ ផ្ទុយមកវិញ ការធ្វើដូច្នេះអាចជួយឲ្យមនុស្សបង្កើតនូវទម្លាប់ល្អទៅវិញ។ តែគ្រាន់តែការចែករំលែកប្រាប់អ្នកដទៃពីគោលដៅដែលអ្នកចង់សម្រេចគឺមិនគ្រប់គ្រាន់ទេ។
ដើម្បីទទួលបានការលើកទឹកចិត្តបន្ថែម អ្នកគួរតែចែករំលែកនូវការសម្រេចទាំងតូចទាំងធំដែលបានកើតឡើងផងដែរ ឧទាហរណ៍ដូចជាការលក់ផលិតផលបានលើសគោលដៅដែលបានកំណត់ទុកជាដើម ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព