អាជីវករលក់ដូរសម្លៀកបំពាក់ វត្ថុអនុស្សាវរីយ៍ ម្ហូបអាហារ នៅជុំវិញត្រពាំងសេស បាននាំគ្នារុះរើតូបលក់ដូររបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីត្រៀមទៅកាន់កន្លែងថ្មី ដែលអាជ្ញាធរជាតិអប្សរាផ្តល់ឲ្យ ។
អ្នកស្រី ស៊ាង ស៊ត់ ដែលជាអាជីវករលក់បាយ មាន់អាំង និងម្ហូបកុម្ម៉ង់ តាំងពីឆ្នាំ១៩៩១ បានលើកឡើងថា កន្លែងនេះ អ្នកស្រីមានអនុស្សាវរីយ៍ល្អៗជាច្រើន ជាមួយភ្ញៀវជាតិ-អន្តរជាតិ ដែលមកពិសាអាហារនៅទីនេះ ហើយកន្លែងនេះក៏បានផ្តល់នូវភាពធូរធារដល់ជីវភាពគ្រួសារគាត់ ចិញ្ចឹមកូនៗបានរៀនសូត្រខ្ពង់ខ្ពស់ ។ ប៉ុន្តែអ្នកស្រីក៏សប្បាយចិត្តក្នុងការរុះរើសំណង់ទាំងនេះដោយស្ម័គ្រចិត្ត ព្រោះអាជ្ញាធរជាតិអប្សរាបានផ្តល់ទីតាំងថ្មី សម្រាប់លក់ដូរបន្ត ដែលថ្មីស្អាតហើយមានអនាម័យជាងកន្លែងចាស់ ។
អ្នកស្រី ស៊ាង ស៊ត់ បានគាំទ្រចំពោះវិធានការរបស់អាជ្ញាធរជាតិអប្សរា ក្នុងការរៀបចំបរិវេណជុំវិញត្រពាំងសេស ឲ្យស្អាតដើម្បីអង្គរមានសណ្ដាប់ធ្នាប់ មានភាពបៃតង ដើម្បីភ្ញៀវទេសចរមកលេងកាន់តែច្រើន លក់ដូរក៏កាន់តែដាច់ ។
ជាចុងក្រោយអ្នកស្រីគ្រាន់តែសង្ឃឹមថា ការទៅលក់នៅទីតាំងថ្មីនឹងទទួលបានអតិថិជនច្រើនៗព្រោះទីនោះស្អាត មានអនាម័យ មានទឹកភ្លើង ងាយស្រួលជាងកន្លែងចាស់ ៕ដោយ៖ត្នោត