ចិនព្រមានអាមេរិកពីផលវិបាកធ្ងន់ធ្ងរ ចំពោះទង្វើដ៏អាក្រក់ ស្តីអំពីច្បាប់សិទ្ធិមនុស្សអ៊ុយហ្គ័រ
ទីក្រុងប៉េកាំងមានការខឹងច្រឡោតចំពោះច្បាប់ដែលបានអនុម័តដោយសភាអាមេរិក ដែលតម្រូវឲ្យសេតវិមានបង្កកទ្រព្យធនរបស់មន្ត្រីរដ្ឋាភិបាលចិន ។
កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ទីក្រុងប៉េកាំងបានថ្កោលទោសទៅលើច្បាប់ថ្មី របស់សហរដ្ឋអាមេរិក ដែលនឹងដាក់ទណ្ឌកម្មដល់មន្រ្តីចិនជុំវិញ ការជាប់ឃុំឃាំងទ្រង់ទ្រាយធំទៅលើជនជាតិ អ៊ុយហ្គរ (Uighur) និងជនជាតិភាគតិចមូស្លីមដទៃទៀតនោះ ដោយនិយាយថា វាជាការវាយប្រហារយ៉ាងសាហាវទៅលើគោលនយោបាយរបស់ចិននៅក្នុងតំបន់ ស៊ីនជាំង។
ក្រសួងការបរទេសចិនថ្លែងការណ៍មួយបន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខាលើច្បាប់សិទ្ធិមនុស្សអ៊ុយហ្គរ ចូលជាធរមានកាលពីថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០ ថា ប្រទេសចិននឹងវាយបកតបវិញ ហើយសហរដ្ឋអាមេរិកនឹងទទួលបន្ទុករាល់ផលវិបាកជាបន្តបន្ទាប់ ។
ច្បាប់ដែលសភាបានអនុម័តស្ទើរតែមិនមានការជំទាស់នោះ តម្រូវឲ្យរដ្ឋបាលសហរដ្ឋអាមេរិកសម្រេចទៅលើថា តើមន្ត្រីចិនណាខ្លះដែលទទួលខុសត្រូវ«ការឃុំឃាំងទ្រង់ទ្រាយធំមួយ ការធ្វើទារុណកម្ម និងការយាយីទៅលើជនជាតិអ៊ុយហ្គរ ក៏ដូចជាជនជាតិភាគតិចដទៃផ្សេងទៀត» ។
សហរដ្ឋអាមេរិកនៅពេលបន្ទាប់មក អាចបង្កកទ្រព្យសម្បត្តិណាមួយនៃមន្ត្រីចិនទាំងឡាយនោះ ក៏ដូចរារាំងមិនឲ្យធ្វើដំណើរចូលទឹកដីអាមេរិក ។
ក្រសួងការបរទេសចិនបានថ្លែងការណ៍មួយថា ច្បាប់សិទ្ធិមនុស្សអ៊ុយហ្គ័រស្អីគេនោះ គឺជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន ហើយជំរុញឲ្យអាមេរិកកែតម្រូវកំហុសឆ្គងរបស់ខ្លួននេះជាបន្ទាន់ ។
សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា «ច្បាប់នេះគឺជាការបង្កាច់បង្ខូចដោយចេតនាទៅលើស្ថានការសិទ្ធិមនុស្សនៅក្នុងតំបន់ស៊ីនជាំង និងជាការវាយប្រហារយ៉ាងសាហាវដល់គោលនយោបាយចិនក្នុងការគ្រប់គ្រងនៅតំបន់ស៊ីនជាំង» ។
ក្រុមសកម្មជនបាននិយាយថា ចិនបានចាប់ឃុំខ្លួនយ៉ាងតិចប្រហែល១លាននាក់ជនជាតិភាគតិចអ៊ុយហ្គ័រ និងក្រុមមូស្លីមតួកគីផ្សេងទៀត ហើយព្យាយាមដោយបង្ខំទៅលើការលុបបំបាត់វប្បធម៌របស់ពួកគេ និងពិន័យចំពោះការប្រកាន់អនុវត្តតាមបែបអិស្លាមជាមូលដ្ឋានរបស់ពួកគេនោះ ។
រដ្ឋាភិបាលទីក្រុងប៉េកាំងអះអាងថា វាមិនមែនជាជំរំឃុំឃាំងស្អីនោះទេ តែជាមជ្ឈមណ្ឌលបណ្តុះបណ្តាលអប់រំវិជ្ជាជីវៈ ដែលផ្តល់ឱកាសការងារដល់អ្នកទាំងនោះ បានងាកចេញពីអំពើជ្រុលនិយមអិស្លាមរបស់ពួកគេ ៕ ប្រែសម្រួលដោយ៖ thach yat