បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនឹងត្រូវរឹតបន្តឹងសុវត្ថិភាពការពារពីការឆ្លងជំងឺកូវីដ១៩
រាជធានីភ្នំពេញ ៖ ការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ និងពង្រឹងវិធានការការពារសុវត្ថិភាពសង្គម ដើម្បីកាត់បន្ថយហានិភ័យ នៃការរីករាលដាលជំងឺកូវីដ១៩ នៅតាមវត្តអារាមនានាទូទាំងប្រទេសកម្ពុជា ។ នេះបើយោងតាមក្រសួងធម្មការ និងសាសនា បានចេញសេចក្ដីណែនាំ ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ ។
សេចក្តីប្រកាសបានបញ្ជាក់ថា បុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយក្នុងព្រះពុទ្ធសាសនាជាយូរណាស់មកហើយ ដើម្បីតករក្សាទំនៀមទម្លាប់ប្រពៃណីរបស់ដូនតាខ្មែរយើង ដែលកំណត់យកថ្ងៃកាន់បិណ្ឌពីថ្ងៃ១រោច ដល់ថ្ងៃ១៤ រោច និងថ្ងៃភ្ជុំបិណ្ឌនៅថ្ងៃ១៥ រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ ដែលឆ្នាំនេះត្រូវនឹងថ្ងៃទី៣ រហូតដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ ។
ក្រសួងធម្មការបានបន្តថា ដើម្បីអនុវត្តពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ត្រូវគោរពតាមការណែនាំ ៦ចំណុចដូចខាងក្រោម ៖
ទី១ – រៀបចំវត្តអារាម ឲ្យមានសណ្ដាប់ធ្នាប់ អនាម័យបរិស្ថានល្អ ត្រូវចងទង់ បដា ជ្វាលា ពាក្យស្លោក និងរៀបចំឲ្យមានធុងសំរាមសាធារណៈ
ទី២- សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋាន រៀបចំឲ្យមានកម្លាំងរក្សាសន្តិសុខ សណ្ដាប់ ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលមកបំពេញបុណ្យកុសល នៅគ្រប់វត្តអារាម
ទី៣- រៀបចំទុកដាក់ បែងចែកទេយ្យទានឲ្យបានសមរម្យជៀសវាងភាពខ្ជះខ្ជាយ និងយកទៅជូនកងកម្លាំងប្រដាប់អាវុធ ចែកទានដល់ប្រជាពលរដ្ឋក្រីក្រ កុមារកំព្រា និងក្មេងអនាថាគ្មានទីពឹង
ទី៤- តាមដាន និងត្រួតពិនិត្យនៅតាមវត្តអារាម ដើម្បីអនុវត្តឲ្យបាននូវអនុសាសន៍របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងការណែនាំរបស់ក្រសួងសុខាភិបាល
ទី៥- ផ្សព្វផ្សាយនូវរាល់សារអប់រំណែនាំនានា ដែលផលិតដោយក្រសួងសុខាភិបាល ឲ្យបានទូលំទូលាយ ជាប់ជាប្រចាំនៅក្នុងទីវត្តអារាម និងផ្សព្វផ្សាយដល់សាធារណជន ពុទ្ធបរិស័ទ ឲ្យបង្កើនការប្រុង ប្រយ័ត្នខ្ពស់ សំដៅបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍
ទី៦- រៀបចំឲ្យមានជាកន្លែងពិនិត្យសុខភាព មុនពេលចូលក្នុងទីធ្លាវត្តអារាម ព្រះវិហារ ឬសាលាឆាន់ ត្រូវមានឧបករណ៍វាស់កម្ដៅ សាប៊ូ ជែល ឬទឹកអាល់កុលសម្រាប់លាងសម្អាតដៃជាប្រចាំ។ ត្រូវ ពាក់ម៉ាស ក្រមា កន្សែង ឬប្រើក្រដាសខ្ទប់មាត់នៅពេលក្អក ឬកណ្ដាស់ និងត្រូវរក្សាគម្លាតបុគ្គល ម្នាក់ទៅបុគ្គលម្នាក់ទៀតឲ្យបានយ៉ាងតិចមួយម៉ែត្រកន្លះ និងអនុវត្តតាមវិធាននានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល៕ផ្តល់សិទ្ធដោយ៖កោះសន្តិភាព