ឥណ្ឌូនេស៊ី ៖ អភិបាលកោះបាលី បាននិយាយថា ភ្ញៀវទេសចរបរទេសនឹងមិនត្រូវបានអនុញ្ញាតឱ្យទៅទស្សនាកោះបាលីសម្រាប់ឆ្នាំ២០២០ នោះទេ ដោយសារតែមានបញ្ហាទាក់ទងនឹងជំងឺឆ្លងកូវីដ១៩។
កោះនេះ បានបើកឡើងវិញនូវឆ្នេរខ្សាច់ ប្រាសាទ និងកន្លែងទេសចរណ៍ដទៃទៀតសម្រាប់អ្នកទេសចរក្នុងស្រុក នៅចុងខែកក្កដា ហើយបាននិយាយថា គេនឹងអនុញ្ញាតឱ្យភ្ញៀវទេសចរបរទេសវិលត្រឡប់មកវិញនៅថ្ងៃទី១១ ខែកញ្ញា។
ផែនការនេះត្រូវបានលុបចោលវិញ ដោយសារការព្រួយបារម្ភអំពីករណីឆ្លងវីរុសនៅឥណ្ឌូនេស៊ី និងដោយមានជនជាតិបរទេសជាច្រើនហាមឃាត់ការធ្វើដំណើរនៅក្នុងប្រទេសកំណើតរបស់ពួកគេ។ ចាការតាក៏មិនទាន់អាចដកបម្រាមរបស់ខ្លួនលើភ្ញៀវទេសចរបរទេសចូលឥណ្ឌូណេស៊ីបានដែរ។
អភិបាលកោះ លោក I Wayan Koster បាននិយាយនៅក្នុងលិខិតផ្លូវការមួយ កាលពីថ្ងៃសៅរ៍ថា៖ «ស្ថានភាពនៅក្នុងប្រទេសឥណ្ឌូនេស៊ីមិនអំណោយផលសម្រាប់ការអនុញ្ញាតឱ្យភ្ញៀវទេសចរអន្តរជាតិមកទស្សនាប្រទេសឥណ្ឌូនេស៊ីនោះទេ ដែលក្នុងនោះមានកោះបាលីផងដែរ»។ លោកមិនបានផ្តល់កាលបរិច្ឆេទថ្មី សម្រាប់ការអនុញ្ញាតឱ្យភ្ញៀវទេសចរបរទេសមកទស្សនាទេ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព