សៀវភៅលោកអតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិកថា លោកដូណាល់ ត្រាំ ស្នើឱ្យចិនជួយដើម្បីឈ្នះការបោះឆ្នោតឡើងវិញ ។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានស្វែងរកជំនួយពីប្រធានាធិបតីចិនលោកស៊ី ជីនពីង ដើម្បីឈ្នះការបោះឆ្នោតឡើងវិញ ។ នេះបើតាមអតីតទីប្រឹក្សាសន្តិសុខជាតិលោក ចន បូលតុន បានអះអាងនៅក្នុងសៀវភៅថ្មីរបស់ខ្លួន ។
ការស្នើសុំនោះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំបិទទ្វារមួយ នៅខែមិថុនា ឆ្នាំ ២០១៩ ។ នេះបើយោងតាម លោក ចន បូលតុន ដែលបានដកហូតពីតួនាទី នៅចុងឆ្នាំ២០១៩ ផងដែរនោះ ។
លោក បូលតុន ក៏បានចោទប្រកាន់ផងដែរថា លោក ដូណាល់ ត្រាំ បានសម្តែងនូវឆន្ទៈបញ្ឈប់ការស៊ើបអង្កេតព្រហ្មទណ្ឌដើម្បីផ្តល់ “ការពេញចិត្តផ្ទាល់ខ្លួនដល់មេដឹកនាំផ្តាច់ការ ដែលគាត់ចូលចិត្ត” ។
សៀវភៅក្រោមចំណងជើងថា «The Room Where It Happended» (បន្ទប់ដែលវាបានកើតឡើង) ៖ ជាសៀវភៅកំណត់ហេតុមួយ ត្រូវបានចុះផ្សាយនៅក្នុងកាសែត Wall Street Journal កាសែតញូវយ៉កថែមស៍ និងវ៉ាស៊ីនតោនប៉ុស្តិ៍ នៅមុនការបោះពុម្ពផ្សាយសៀវភៅនេះនៅសប្តាហ៍ក្រោយ ។
សេតវិមានមិនទាន់ធ្វើអត្ថាធិប្បាយលើការលាតត្រដាងចុងក្រោយនេះនៅឡើយទេ។
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចាត់វិធានការតាមផ្លូវច្បាប់ដើម្បីរារាំងអតីតឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅអង្គការសហប្រជាជាតិ គឺ ចន បូលតុន ពីការបោះពុម្ពផ្សាយសៀវភៅកំណត់ហេតុរបស់គាត់ ដោយលើកហេតុផលថា សៀវភៅនោះ មានព័ត៌មានចំរុះហើយនឹងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិអាមេរិក ។
លោក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានកាលពីដើមសប្តាហ៍នេះថា លោក បូលតុនបាន “រំលោភច្បាប់” ដោយសារការចែករំលែកកិច្ចសន្ទនាឯកជន ហើយប្រឈមមុខនឹង “បញ្ហាព្រហ្មទណ្ឌ” ។
បញ្ហាចម្រូងចម្រាស់នេះបានកើតឡើង ក្នុងរយៈពេលតែជាង៤ខែប៉ុណ្ណោះ បន្ទាប់ពីព្រឹទ្ធសភា ដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ បានបោះឆ្នោតលើកលែងទោសដល់លោកដូណាល់ ត្រាំ ពីបទចោទប្រកាន់ដែលផ្តើមចេញពីការទំនាក់ទំនងរបស់គាត់ជាមួយរដ្ឋាភិបាលអ៊ុយក្រែន ។
ការប្តឹងផ្តល់នោះបានធ្វើឡើងដោយរដ្ឋសភាតំណាង គ្រប់គ្រងគណបក្សប្រជាធិបតេយ្យ បន្ទាប់ពីការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ ដកជំនួយយោធាប្រទេសអ៊ុយក្រែន រហូតទាល់តែអ៊ុយក្រែនបានយល់ព្រមស៊ើបអង្កេតទៅលើលោកអតីតអនុប្រធានាធិបតី ចូ បៃឌិន (Joe Biden) ។
នោះគឺជាលើកទីបីហើយក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលប្រធានាធិបតីត្រូវបានប្តឹងចោទប្រកាន់ ប៉ុន្តែលោក បូលតុន បានជ្រើសរើសមិនទទួលយកការចូលទៅផ្តល់ភស្តុតាងនៅក្នុងសវនាការនោះទេ ។
ការចេញផ្សាយសៀវភៅកំណត់ហេតុរបស់លោក បូលតុន នៅពេលនេះ គឺជាគ្រាប់រំសេវថ្មីមួយទៀត ដល់លោក ចូ បៃឌិន ក៏ដូចជាអ្នកវាយប្រហាររបស់លោកដូណាល់ ត្រាំ ដទៃទៀតផ្សេងទៀត នៅមុនការបោះឆ្នោតប្រធានាធិបតីអាមេរិក ថ្ងៃទី ៣ ខែវិច្ឆិកាមកដល់ ។
សៀវភៅកំណត់ហេតុនោះ មានរាប់បញ្ចូលទាំងរឿងរ៉ាវនៅពីក្រោយការសន្ទនារបស់លោក ដូណាល់ ត្រាំ ជាមួយលោក ស៊ី ជីនពីង ជាកន្លែងដែលគាត់( ដូណាល់ ត្រាំ) បានលើកឡើងពីប្រធានបទការឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅអាណត្តិទីពីរ ។
លោក បូលតុន បានសរសេរថា “នៅពេលនោះ លោក ត្រាំ បានបង្វែរការសន្ទនាទៅរកការបោះឆ្នោតប្រធានាធិបតីអាមេរិកនាពេលខាងមុខ ដោយសំដៅទៅលើសមត្ថភាពសេដ្ឋកិច្ចរបស់ប្រទេសចិន និងអង្វរលោក ស៊ី ដើម្បីធានាថា លោក(ត្រាំ)នឹងឈ្នះ” ។
លោក ត្រាំ បានសង្កត់ធ្ងន់ពីសារសំខាន់របស់កសិករ និងបង្កើនការទិញសណ្តែកសៀង និងស្រូវសាលីរបស់ចិន ដើម្បីទាក់ទាញបានសន្លឹកឆ្នោត ។
លោក បូលតុន បានបន្ថែមទៀតថា វាស្ថិតក្នុងចំណោមការសន្ទនារាប់មិនអស់ ដែលបានបង្កើតជាគំរូ ឥរិយាបទ មិនអាចទទួលយកបាន សម្រាប់ប្រធានាធិបតីស្របច្បាប់ ។
នៅក្នុងការដកស្រង់មួយផ្សេងទៀត លោក ដូណាល់ ត្រាំ បាននិយាយថា ការលុកលុយវ៉េណេស៊ុយអេឡា អាចនឹងមានភាពស្ងប់ស្ងាត់ ហើយវាពិតជាផ្នែកមួយរបស់សហរដ្ឋអាមេរិក ។
រដ្ឋាភិបាលសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនមិនពេញចិត្តនឹងការប្រើប្រាស់កម្លាំងដើម្បីផ្តួលរំលំ ប្រធានាធិបតីសង្គមនិយមវេណេស៊ុយអេឡាលោក នីកូឡាស ម៉ាឌូរ៉ូ នោះឡើយ។
លោក បូលតុន ត្រូវបានបញ្ឈប់ពីការងារដោយលោកដូណាល់ ត្រាំ នៅខែកញ្ញា ឆ្នាំ ២០១៩ បន្ទាប់ពីបានបម្រើការនៅសេតវិមានអស់រយៈពេល ១៧ ខែ ៕ ប្រែសម្រួលដោយ៖ thach yat