ម្ចាស់ហាងអ៊ីនធឺណិត ហាងកាហ្វេ និងហ្គេមនៅប្រទេសថៃបានដាក់ពាក្យស្នើទៅរដ្ឋាភិបាលដើម្បីអនុញ្ញាតឱ្យពួកគេបើកដំណើរការអាជីវកម្មឡើងវិញបន្ទាប់ពីបិទទ្វារអស់រយៈពេលជិត ៣ខែ។
ម្ចាស់ហាងទាំងនោះបាននិយាយនៅក្នុងលិខិតមួយទៅមជ្ឈមណ្ឌលបណ្តឹងរបស់ការិយាល័យលេខាធិការអចិន្ត្រៃយ៍នៃការិយាល័យនាយករដ្ឋមន្រ្តីថា ពួកគេរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចយ៉ាងខ្លាំងដោយសារការបិទទ្វារអាជីវកម្មចាប់ពីថ្ងៃទី១៩ ខែមីនា ធ្វើឱ្យពួកគេមិនមានប្រាក់ចំណូលខណៈពេលដែលការចំណាយកំពុងកើនឡើងជារៀងរាល់ថ្ងៃ។ ដោយសារស្ថានភាពមេរោគកូវីដ-១៩ នៅប្រទេសថៃមានភាពប្រសើរឡើង ម្ចាស់ហាងទាំងនោះបានស្នើសុំបើកអាជីវកម្មឡើងវិញ ព្រមទាំងសន្យាថានឹងប្រុងប្រយ័ត្ន និងគោរពតាមគោលការណ៍របស់រដ្ឋាភិបាលដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃមេរោគ។ ពួកគេបានបន្ថែមថា បុគ្គលិកនៅក្នុងហាងរបស់ពួកគេនឹងពាក់ម៉ាស់ គ្រប់ពេលហើយនឹងសម្អាតកុំព្យូទ័រភ្លាមៗបន្ទាប់ពីអតិថិជនប្រើប្រាស់រួច ឬយ៉ាងហោចណាស់រៀងរាល់ពីរម៉ោងម្តង។
រូបតំណាង
អតិថិជនទាំងអស់ទទួលបានការត្រួតពិនិត្យសីតុណ្ហភាពនៅមាត់ទា្វរចូលហើយយុវជនដែលមានអាយុក្រោម ១៥ឆ្នាំ នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលក្នុងបរិវេណនោះទេ។ លើសពីនេះភេសជ្ជៈនិងអាហារត្រូវបានហាមឃាត់។ ចំពោះលទ្ធផលយ៉ាងណានោះ នៅមិនទាន់ប្រាកដនៅឡើយទេ ប៉ុន្តែគួរបញ្ជាក់ផងដែរថា រដ្ឋបាលក្រុងបាងកកបានចុះបញ្ជីហាងអ៊ីនធឺណិត និងហាងកាហ្វេ ហ្គេមជាទីតាំងដែលមានហានិភ័យខ្ពស់ត្រូវរក្សាទុកនៅក្រោមការឃ្លាំមើល។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Thai PBS WORLD