កាលពីសប្តាហ៏មុន គ្រូបង្វឹកសញ្ជាតិ អ៊ីតាលី និងជាអតីតគ្រូបង្វឹកក្រុម Juventus និង Chelsea លោក Antonio Conte បានបង្ហាញពីភាពមិនច្បាស់លាស់អំពីអនាគតរបស់ខ្លួននៅក្រុមInter Milan នៅក្នុងបទសំភាសន៍ក្រោយការប្រកួតវគ្គផ្តាច់ព្រ័ត្រ្តEuropa League។
បើទោះជា Inter Milan មានទម្រង់លេងយ៉ាងល្អក្តីនារដូវកាលនេះ ក្រោយបានតំណែងលេខ២នៅ Serie A និងជើងឯករង Europa League តែ Antonio Conte បានបញ្ជាក់ថាខ្លួនមិនដឹងថា នឹងត្រូវគេអោយនៅជាគ្រូបង្វឹកក្លឹបទៀតរឺក៏អត់ទេ។
មូលហេតុដែលនៅពីក្រោយ ភាពមិនច្បាស់លាស់នៃអនាគតរបស់លោកកើតឡើងដោយសារ បុរសសញ្ជាតិអ៊ីតាលីរូបនេះបានវាយប្រហារក្រុមដឹកនាំក្លឹប Inter Milan កាលពីដើមខែនេះ ថាមិនបានយកចិត្តទុកដាក់ទៅលើកីឡាកររបស់ខ្លួនឡើយ និងមិនបានកោតសរសើរគ្រប់គ្រាន់ពីទម្រង់លេងដែលក្លឹបកំពុងធ្វើបានល្អឡើយ។
ទោះជាយ៉ាងណា ពេលនេះក្លឹប Inter Milan បានចេញសេចក្តីថ្លែងការណ៏ផ្លូវការហើយថាConte នឹងនៅជាគ្រូបង្វឹករបស់ក្លឹបនារដូវកាលក្រោយ។ ការសម្រេចចិត្តនេះធ្វើឡើងក្រោយ Conte និងថ្នាក់ដឹកនាំក្លឹបបានជួបពិភាក្សាគ្នា។
ប្រភព៖ Goal