នៅទីបំផុតខ្សែប្រយុទ្ធ Dries Mertens សម្រេចចិត្តចុះកុងត្រាថ្មីបន្តលេងឱ្យក្លិប Napoli រហូតដល់ឆ្នាំ២០២២។ ការចុះហត្ថលេខានេះ បានកើតឡើងក្រោយពីលោក Laurentiis ប្រធានក្លិបព្រមព្រៀងគ្នាជាមួយខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិករូបនេះ លើការផ្តល់កិច្ចសន្យាថ្មីរយៈពេល២ឆ្នាំបន្តទៀត។
ទោះបីជាកីឡាករ Mertens មានវ័យ៣៣ឆ្នាំក៏ហើយក្តី ប៉ុន្តែរូបគេនៅតែមានការពេញចិត្តពីសំណាក់លោក Laurentiis ក៏ដូចជាអ្នកគ្រាំផងដែរ ពីព្រោះកម្លាំង និងបច្ចេកទេសរបស់ខ្សែប្រយុទ្ធរូបនេះ នៅតែអាចលេងបានរយៈពេលយូរទៅថ្ងៃមុខទៀត។ ជាក់ស្តែងកាលពីសប្តាហ៍មុន រូបគេទើបរកបាល់បញ្ចូលទីមួយគ្រាប់ ក្នុងការប្រកួតជាមួយក្រុម Inter ហើយជួយឱ្យក្លិបកក់កៅអីទៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Coppa Italia ដោយត្រូវជួបជាមួយក្រុម Juventus។
គួរឱ្យដឹងដែរថា ចាប់តាំងពី Mertens ផ្លាស់ចេញពីក្លិប PSV មកចូលរួមជាមួយ Napoli តាំងពីឆ្នាំ២០១៣ មករូបគេ បានរកគ្រាប់បាល់បញ្ចូលទីចំនួន ១២២គ្រាប់ និងបោះបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី (Assist) ៧៣ ដង ពីការបង្ហាញខ្លួនសរុបចំនួន ៣១០ប្រកួត។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ football-italia