
តារាចម្រៀងស្រីដែលនិយមលេងស្ទាយខ្លួនបែបខ្ចូតៗ និងក្បាច់រាំប្លែកៗ រូបនេះហាក់បីជាស្ងប់ស្ងាត់ចេញបទច្រៀងរបស់ខ្លួននៅក្នុងផលិតកម្មសាន់ដេ។
គួររំលឹកដែលថា យូរី គឺជាតារាចម្រៀងស្រីម្នាក់ដែលបានជ្រកនៅក្រោមដំបូលផលិតកម្មសាន់ដេ តាំងពីឆ្នាំ ២០១៣។ សម្រាប់បទចម្រៀងដំបូងរបស់កញ្ញាដែលទទួលបានការគាំទ្រខ្លាំងនៅក្នុងផលិតកម្មមួយនេះ មានចំណងជើងថា “សង្សាមួយថ្ងៃសង្សាមួយជីវិត” និង បទ “honey សំនប់ចិត្ត”។
លុះមកដល់ឆ្នាំ២០១៦ កញ្ញាបានផ្ទុះការគាំទ្រយ៉ាងខ្លាំងជាមួយនឹងបទចម្រៀងមួយដែលមានចំណងជើងថា “ចាក់ទឹកដូង”។ កាលពីពេលថ្មីៗនេះមានមហាជនជាច្រើនបានធ្វើការកត់សម្គាល់ឃើញថា មួយរយៈចុងក្រោយនេះកញ្ញាហាក់នៅមិនទាន់មានបទចម្រៀងចេញទាល់តែសោះនៅលើ Page facebook ផ្លូវការរបស់ផលិតកម្មសាន់ដេ។
ផ្ទុយទៅវិញគេបែរជាឃើញកញ្ញាចេញបទចម្រៀងនៅលើ Page facebook ផ្លូវការរបស់ខ្លួនទៅវិញ។ ក្នុងនោះដែរមានអ្នកគាំទ្រមួយចំនួនបានធ្វើការសង្ស័យថា កញ្ញាអាចនឹងដើរចេញពីផលិតកម្មមួយនេះ ឬមានគោលជំហររបស់ខ្លួនធ្វើជាតារាចម្រៀងឯករាជ្យផលិតបទចម្រៀងសម្រាប់ខ្លួនឯង។
ប៉ុន្តែទោះជាយ៉ាងណា គេនៅមិនទាន់ដឹងមូលហេតុច្បាស់នៅឡើយថា ហេតុអ្វីបានជាកញ្ញាមិនមានបទចម្រៀងសម្រាប់ចេញដូចតារាដែលរួមទ្រនំជាមួយគ្នា។
អ្វីដែលសំខាន់នោះកញ្ញានៅមិនទាន់មានការបកស្រាយបំភ្លីរាល់ចម្ងល់ទាំងអស់នេះនៅឡើយទេ។
សម្រាប់ព័ត៌មានច្បាស់ការយ៉ាងណានោះ សូមរង់ចាំតាមដានពីសកម្មភាពរបស់កញ្ញាទាំងអស់គ្នា៕
អត្ថបទ៖ ភារ៉ា