លោក Sinisa Mihajlovic ត្រូវបានក្លិបបាល់ទាត់ Bologna សម្រេចផ្តល់កុងត្រាថ្មី ដើម្បីឱ្យលោកបន្តដឹកនាំក្រុមរហូតដល់ឆ្នាំ២០២៣។
មែនទែនទៅបច្ចុប្បន្ន លោក Mihajlovic នៅសល់កុងត្រារយៈពេលពីរឆ្នាំទៀតឯណោះ ដើម្បីបន្តដឹកនាំក្រុមរហូតដល់ឆ្នាំ២០២២ ប៉ុន្តែដោយសារលោកបានជួយឱ្យក្រុមមានការអភិវឌ្ឍន៍ល្អ ទើបក្លិប Bologna សម្រេចផ្តល់កិច្ចសន្យាថ្មីមុនការកំណត់បែបនេះតែម្តង។
គ្រូបង្វឹកសញ្ជាតិស៊ែប៊ីវ័យ៥១ឆ្នាំរូបនេះ បានចូលមកដឹកនាំក្លិប Bologna ដំបូងនៅឆ្នាំ២០១៩ ក្រោយពីចាកចេញពីក្លិប Sporting។ បច្ចុប្បន្ន លោកបានដឹកនាំក្រុមឱ្យឈរចំណាត់ថ្នាក់លេខ១០ ក្នុងតារាងពិន្ទុក្របខណ្ឌ Serie A របស់ប្រទេសអ៊ីតាលីរដូវកាលនេះ។ ក្រោយលីគត្រឡប់មកវិញកាលពីពេលថ្មីៗនេះ ក្រុម Bologna នឹងត្រូវធ្វើការប្រកួតជាមួយក្រុម Juventus នៅថ្ងៃទី២៣ ខែមិថុនា ខាងមុខ បន្ទាប់ពីខកខានអស់រយៈពេលជាង៣ខែកន្លងទៅ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ football-italia