ក្លិប Real Madrid ឈានដល់កិច្ចព្រមព្រៀងលក់ខ្សែការពារវ័យក្មេង Javi Sanchez ទៅឱ្យក្លិប Real Valladolid ហើយ បន្ទាប់ពីខ្ចីជើងយកមកលេងបានជិតមួយរដូវកាល។
ខ្សែការពារកណ្តាលវ័យ២៣ឆ្នាំរូបនេះ ត្រូវបានក្លិប Madrid ដាក់ឱ្យ Valladolid ខ្ចីជើងមួយរដូវកាល កាលពីខែកក្កដា ឆ្នាំ២០១៩។ ចាប់តាំងពីផ្លាស់ទៅទីនោះ រូបគេត្រូវបានញាំញីដោយបញ្ហារបួសកជើង ហើយរហូតមកដល់ពេលនេះទើបតែមានឱកាសចូលលេងឱ្យក្លិបបានត្រឹមរយៈតែ២នាទីប៉ុណ្ណោះ បន្ទាប់ពីគ្រូផ្លាស់ចូលនៅតង់ទី២ ក្នុងការប្រកួតជាមួយក្រុម Leganes កាលពីសប្តាហ៍មុន។ យ៉ាងណាក៏ដោយ ក្លិប Valladolid នៅតែមានទំនុកចិត្តក្នុងការចុះហត្ថលេខាទិញផ្តាច់តែម្តង ដោយសារខ្សែការពារសញ្ជាតិអេស្ប៉ាញរូបនេះ ធ្លាប់មានបទពិសោធន៍ហ្វឹកហាត់នៅថ្នាលយុវជនរបស់ក្លិប Madrid តាំងពីរូបគេមានអាយុ៨ឆ្នាំមកម្ល៉េះ។
កន្លងទៅនេះ ធ្លាប់មានពាក្យចចាមអារ៉ាមថា ក្លិប Valencia ក៏ចង់បាន Sanchez ផងដែរ ប៉ុន្តែពេលនេះសាមីខ្លួនយល់ព្រមចុះកុងត្រាលេងឱ្យ Valladolid រហូតដល់ឆ្នាំ២០២៤ ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore