កីឡាករ Samul Castillejo ខ្សែបម្រើរបស់ក្លិប AC Milan ត្រូវបានចោរប្លន់យកនាឡិកាដៃ ដែលមានតម្លៃជាង៩ម៉ឺនដុល្លារ កាលពីថ្ងៃម្សិលមិញ។
ហេតុការណ៍នេះ បានកើតឡើងនៅក្នុងទីក្រុង Milan ប្រទេសអ៊ីតាលី។ បើតាមការរាយការណ៍ពីប្រភពព័ត៌មាននៅអ៊ីតាលី បានឱ្យដឹងថា ដំបូងឡើយកីឡាករ Castillejo បានជិះឡានរបស់ខ្លួនចេញទៅខាងក្រៅ ហើយក៏មានជនសង្ស័យពីរនាក់ជិះម៉ូតូទៅចាំស្ទាក់ផ្លូវនៅខាងមុខ លុះរូបគេទៅដល់ចំណុចនោះ ស្រាប់តែពួកគេចេញមកធ្វើសកម្មភាពប្លន់យកនាឡិកាដៃតែម្តង។ ក្រោយមករូបគេ ក៏បានទាក់ទងទៅខាងប៉ូលិសក្នុងតំបន់ឱ្យជួយ ហើយសំណាងល្អប៉ូលិសនៅទីនោះ បានចាប់ខ្លួនចោរទាំងពីរនាក់នោះមកវិញ។
កីឡាករ Castillejo បានប្រាប់វិទ្យុ Marca ថា៖ “សំណាងណាស់ដែលប៉ូលិសអាចចាប់ចោរដែលបានប្លន់ខ្ញុំមកវិញ។ ខ្ញុំភ័យខ្លាចណាស់ គ្មាននរណាម្នាក់ចង់ឱ្យគេយកកាំភ្លើងខ្លីមកភ្ជង់លើក្បាលខ្លួនឯងទេ។ ហេតុការណ៍នេះ ខ្ញុំចាំបានថាវាកើតឡើងត្រឹមតែរយៈពេល ២០វិនាទីប៉ុណ្ណោះ។ ពួកគេបានយកកាំភ្លើងខ្លីមកភ្ជង់លើក្បាលខ្ញុំ ហើយចង់បាននាឡិកាទើបខ្ញុំសម្រេចដោះឱ្យភ្លាមៗ”។
ហេតុការណ៍នេះ មិនមានបានបង្កស្នាមរបួសអ្វីដល់កីឡាករ Castillejo ទេ ហើយក៏ទទួលបាននាឡិការរបស់គេមកវិញផងដែរ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore