
យោងតាមប្រភពសារព័ត៌មានថៃ Daradaily បានឲ្យដឹងថាលោក Ken Phupoom បានប្រកាសជាសាធារណៈថា ខ្លួននឹងក្លាយជាតារាសម្តែងប្រុសឯករាជ្យមួយរូប។
តាមប្រភពព័ត៌មាននេះដដែលបានបន្ថែមទៀតថាលោក Ken Phupoom បានសម្រេចចិត្តមិនបន្តកុងត្រាជាមួយប៉ុស្តិទូរទស្សន៍ណាទៀតទេ ក្រោយពីបានបញ្ចប់កុងត្រា ជាមួយទូរទស្សន៍ថៃប៉ុស្តិលេខ៣រួចមក។
គួរបញ្ជាក់ដែរថា Ken Phupoom បានសម្ដែងជាតួឯកដំបូងនៅក្នុងរឿងភាគទូរទស្សន៍មួយដែលមានចំណងជើងថា “Noom Nuer Tong” កាលពីឆ្នាំ២០១១។ នៅក្នុងរឿងភាគទូរទស្សន៍នេះលោកបានលេងជាតួគូស្នេហ៍ជាមួយនឹងកញ្ញា Toey Jarinporn។
លោក Ken Phupoom ទទួលបានប្រជាប្រិយភាពខ្លាំងបន្ទាប់ពីបានសម្តែងជាតួឯកនៅក្នុងរឿងភាគទូរទស្សន៍ដ៏ល្បីមួយ មានចំណងជើងថា“Raeng Ngao” ជាមួយនឹងអ្នកនាង Janie Thienphosuwan កាលពីឆ្នាំ ២០១២។ លើសពីនេះទៀត រឿងដែលលោកបានសម្តែងផ្ទុះការគាំទ្រខ្លាំង មានចំណងជើងថា “Nakee” ដែលបានសម្តែងរួមគ្នាជាមួយកញ្ញា Taew Natapohn កាលពីឆ្នាំ២០១៦។
គួររំលឹកផងដែរលោក Ken Phupoom គាត់បានធ្វើការជាមួយទូរទស្សន៍ថៃប៉ុស្តិលេខ ៣ អស់រយៈពេលជាង ៩ឆ្នាំ មកហើយចាប់តាំងពីរូបលោកបានបង្ហាញខ្លួនលើកដំបូង៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ thai update